ឯកឧត្តម អ៊ុ រាត្រី ប្រគល់បណ្ណសរសើរដល់និស្សិតឆ្នើមនៃសាកលវិទ្យាល័យជាតិមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់បណ្ណសរសើរជូនដល់និស្សិតពូកែលេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នាំនៃសាកលវិទ្យាល័យជាតិមានជ័យ ដោយពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តចំពោះវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុ រាត្រី បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក និងជាពិសេសចំពោះនិស្សិតទាំងអស់ ដែលបានខិតខំរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានដាស់តឿនក្រើនរំលឹកជាច្រើនចំណុចដល់និស្សិតទាំងអស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តខិតខំរៀនសូត្រ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ។

ឯកឧត្តមបានមានប្រសាសន៍ថា "ការទទួលបានចំណាត់ថ្នាក់ល្អនាពេលនេះ គឺជាការចាប់ផ្តើមដ៏ល្អមួយ ប៉ុន្តែមិនមែនជាទីបញ្ចប់នោះទេ។ ប្អូនៗទាំងអស់គ្នាត្រូវបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹង និងជំនាញរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ។" ឯកឧត្តមក៏បានលើកទឹកចិត្តនិស្សិតឱ្យចេះប្រើប្រាស់ចំណេះដឹងដែលខ្លួនមាន ដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម និងរួមចំណែកកសាងប្រទេសជាតិកាន់តែរីកចម្រើន។

ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ចងចាំនូវគុណូបការៈរបស់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងសង្គមជាតិ ដែលបានផ្តល់ឱកាសឱ្យពួកគាត់បានសិក្សារៀនសូត្រ។ ការសិក្សាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជីវិត និងជាស្ពាននាំទៅរកភាពជោគជ័យ។ ឯកឧត្តមក៏បានដាស់តឿននិស្សិតទាំងអស់ចេះប្រើប្រាស់ពេលវេលាឱ្យមានតម្លៃ កុំខ្ជះខ្ជាយពេលវេលាទៅលើរឿងដែលគ្មានប្រយោជន៍ និងត្រូវចេះគោរពវិន័យ សីលធម៌ និងច្បាប់ទម្លាប់។

ពិធីប្រគល់បណ្ណសរសើរនេះមិនត្រឹមតែជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញទឹកចិត្តយ៉ាងខ្លាំងក្លាដល់និស្សិតជំនាន់ក្រោយៗទៀតឱ្យខិតខំរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ជាតិមាតុភូមិ។

យោងរបាយការណ៍របស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ បានបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់សាកលវិទ្យាល័យ។ របាយការណ៍នោះក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យក្នុងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ក្នុងនោះក៏បានបង្ហាញផងដែរពីចំនួននិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងឱកាសការងារដែលពួកគេទទួលបានក្រោយពីបញ្ចប់ការសិក្សា។ លើសពីនេះ របាយការណ៍ក៏បានលើកបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងកម្មវិធីសិក្សា ស្រាវជ្រាវ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។ ការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពនិស្សិតឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពពេញលេញក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ៕
ដោយ ឈុន សារ៉ាត





