ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជី គម្រោងវិនិយោគចំនួន៥៩ ក្នុងទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក
AKP ភ្នំពេញថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥ -- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជី គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក ក្នុងខែឧសភា ឆ្នាំ២០២៥នេះ។
ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់ កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភានេះ រួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស
គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ
-ទីតាំង៖ ស្រុកអូររាំង ខេត្តមណ្ឌលគិរី
-ទុនវិនិយោគ៖ ប្រមាណ២០៧លានដុល្លារអាម៉េរិក
-បង្កើតការងារ៖ ១៤៤កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
គម្រោងពង្រីកផលិតកម្មផលិតសំបកកង់រថយន្ត
ទីតាំង៖ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង
ទុនវិនិយោគបន្ថែម៖ ប្រមាណ២៤៤លានដុល្លារអាម៉េរិក។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុគីមីសម្រាប់វិស័យឧស្សាហកម្ម
-ទីតាំង៖ តំបន់សេដ្ឋកិច្ចពិសេស ហ័រសាំង អ៊ិនធើណេសិនណាល ខេត្តស្វាយរៀង
-ទុនវិនិយោគ៖ ប្រមាណ២០លានដុល្លារអាម៉េរិក
បង្កើតការងារ៖ ៤៦១កន្លែង៕



ដោយ៖ ចរិយា





