ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា៖ «ឧបករណ៍លាងឈាមនេះនឹងរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពកាន់តែប្រសើរឡើងដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ»
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ជែកគី សេ ជិន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីបច្ចេកទេសនៃមន្ទីរពេទ្យជាតិ នាថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លានេះ ដែលជាការរួមចំណែកមួយលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការឆ្លើយតបទៅនឹងជំងឺមិនឆ្លង មានជំងឺកម្រងនោមនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់បន្ថែមថា ការផ្តល់អំណោយឧបករណ៍វេជ្ជសាស្ត្រនេះ មានសារៈសំខាន់ណាស់ ដែលអាចជួយកាត់បន្ថយបន្ទុកមន្ទីរពេទ្យរដ្ឋ និងរួមចំណែកក្នុងការនាំយកសេវាកាន់តែខិតទៅជិតប្រជាពលរដ្ឋ។ ជំងឺតម្រងនោមនេះជាបញ្ហាប្រឈមមួយនៃសុខភាពសាធារណៈនៅកម្ពុជា ហើយអ្នកជំងឺមានតម្រូវការលាងឈាមរយៈពេលវែង ដូច្នេះតាមរយៈការផ្តល់នូវម៉ាស៊ីនលាងឈាមនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែវាជាការជួយបន្ថែមក្នុងការជម្រុញដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសុខាភិបាល ដែលផ្តោតលើការបម្រើសេវាសុខាភិបាល ប្រកបមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព សមធម៌ និងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសង្ឃឹមថា ឧបករណ៍លាងឈាមតាមស្រោមពោះនេះ នឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពរបស់អ្នកជំងឺ ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពកាន់តែប្រសើរឡើង។ ឧបករណ៍វេជ្ជសាស្ត្រនេះគឺមានសារៈសំខាន់ ក្នុងការចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ផ្តល់សេវាលាងឈាម ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ។ ឧបករណ៍លាងឈាមតាមស្រោមពោះនេះ អាចអនុញ្ញាតឱ្យអ្នកជំងឺធ្វើការលាងឈាមនៅក្រៅមន្ទីរពេទ្យ ដែលអាចកាត់បន្ថយបន្ទុកមន្ទីរពេទ្យ និងអាចនាំសេវាបង្ខិតទៅជិតអ្នកជំងឺ។ បន្ថែមពីនេះ ការអនុវត្តទាមទារអ្នកជំងឺមានការយល់ដឹងពីដំណើរការនៃការលាងឈាមបែបនេះ ដើម្បីចេះប្រើឧបករណ៍ និងការបង្ការការចម្លងរោគ ក៏ដូចជាមានលទ្ធភាពទិញនិងទុកដាក់សូលុយស្យុងសម្រាប់ប្រើប្រាស់ជាមួយឧបករណ៍លាងឈាមតាមស្រោមពោះនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Jacky Sae Chen ដែលតែងតែខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា និងបានរំលឹកអំពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនៅពេលនោះមិត្តចិនបានជួយគាំទ្រជាវ៉ាក់សាំង ឱសថ និងជំនួយផ្នែកបច្ចេកទេសដល់កម្ពុជា ជាបន្តបន្ទាប់ក្នុងគ្រាដ៏លំបាកនាពេលនោះ។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម អ៊ូច បូររិទ្ធ ដែលបានខិតខំប្រឹងប្រែងយ៉ាងមមាញឹក ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងចូលរួមគាំទ្រ លើកស្ទួយវិស័យសុខាភិបាលកម្ពុជា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





