អភិបាលខេត្តបន្ទាយមានជ័យប្រគល់ស្បៀងជូនកងទ័ពឈរជើងតាមព្រំដែនកម្ពុជា-ថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារមួយចំនួនធំ ប្រគល់ជូនកងទ័ពដែលកំពុងឈរជើង ការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងកក់ក្ដៅ និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមួយចំនួនផងដែរ។

ការចុះសួរសុខទុក្ខ និងប្រគល់ស្បៀងនេះ គឺដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះកងទ័ពដែលបានលះបង់កម្លាំងកាយចិត្ត ស្ថិតនៅជួរមុខដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់ដ៏ធំធេងរបស់កងទ័ពទាំងអស់ ដែលបានយាមកាមការពារព្រំដែនទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ ឬភ័យខ្លាច និងបានសង្កត់ធ្ងន់ថា "បងប្អូនកងទ័ពទាំងអស់ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែន ក៏ដូចជាទូទាំងប្រទេស។ រាល់ការលះបង់របស់បងប្អូន គឺដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។"

ឯកឧត្តមបានបន្តទៀតថា "រដ្ឋបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងតម្រូវការចាំបាច់របស់កងទ័ពយើង។ ស្បៀងអាហារដែលបាននាំយកមកថ្ងៃនេះ គឺជាចំណែកតូចមួយនៃការដឹងគុណ និងការលើកទឹកចិត្តពីសំណាក់រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីចូលរួមសម្រាលបន្ទុក និងបំពេញតម្រូវការប្រចាំថ្ងៃរបស់បងប្អូន។"
លើសពីនេះ ឯកឧត្តមក៏បានក្រើនរំលឹកដល់កងទ័ពទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងបន្តពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង ដើម្បីបំពេញភារកិច្ចការពារជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងបានជូនពរដល់កងទ័ពទាំងអស់ ឱ្យជួបតែសេចក្ដីសុខ សុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីជាតិមាតុភូមិ៕

ដោយ ឈុន សារ៉ាត





