អាជ្ញាធរមីនប្រកាសស្រុកស្រែអំបិលជាស្រុកអស់មីន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- អាជ្ញាធរមីនបានប្រកាសស្រុកស្រែអំបិល ជាស្រុកអស់មីន ក្នុងទឹកដីខេត្ដកោះកុង ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា ដោយអាជ្ញាធរមីនបានប្រគល់ផែនការបោសសម្អាតមីនដល់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ធ្វើការបោសសម្អាតលើផ្ទៃដី ២២៧.២៣៦ ម៉ែត្រការ៉េ ស្មើនឹង១១ចម្ការមីន ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន១២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម៦០គ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន២០៥៥គ្រួសារ ដោយពិធីប្រកាសនេះធ្វើឡើងក្រោមការឧបត្ដម្ភពីសាធារណរដ្ឋឥណ្ឌា និងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះរដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំពិធីប្រកាសនេះ ក៏ដូចជាផ្តល់នូវលទ្ធភាពងាយស្រួលដល់កងកម្លាំងបោសសម្អាតមីនរបស់យើង ប្រតិបត្តិការក្នុងភូមិសាស្រ្តខេត្តកោះកុងរហូតទទួលបានជោគជ័យ។

ឯកឧត្តមទេសរដ្ឋមន្រ្តី តំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនខេត្តកោះកុង បានអរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានផ្តល់ការគាំទ្រដល់កិច្ចការបោសសម្អាតមីននៅក្នុងខេត្តកោះកុង ក្នុងការរួមចំណែកផ្តល់នូវដីសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នេះបានបង្ហាញអំពីការបោះជំហានទៅមុខបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការបោសសម្អាតមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ដថា កិច្ចការបោសសម្អាតមីន គឺជាការងារដ៏មានសារៈសំខាន់ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការធានាឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសុខសុវត្ថិភាពក្នុងប្រើប្រាស់ដី សុខសន្តិភាព និងរួចផុតពីគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ជាសក្ខីភាពជាក់ស្តែង ការប្រកាសស្រុកស្រែអំបិលអស់មីននាថ្ងៃនេះនឹងផ្តល់នូវក្តីសង្ឃឹមថ្មី និងអនាគតថ្មីជូនដល់ប្រជាពលរដ្ឋក្នុងការទទួលបាននូវលក្ខខណ្ឌរស់នៅមួយកាន់តែប្រសើរឡើង។ ទន្ទឹមនឹងជោគជ័យទាំងនោះ កម្ពុជាត្រូវការពេលវេលា និងធនធានជាច្រើនបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសត្រូវការការគាំទ្រពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ រួមទាំងប្រទេសឥណ្ឌា ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តម Vanlalvawna Bawitlung បានសម្តែងនូវការអបអរសាទរជាមួយប្រជាជនខេត្តកោះកុង ក្នុងការប្រកាសស្រុកស្រែអំបិលអស់មីន និងមានមោទនភាពដែលប្រទេសឥណ្ឌា ដែលបានរួមចំណែកចំពោះសមិទ្ធផលទាំងនោះ រហូតឈានដល់ប្រកាសស្រុកចំនួន០២ ក្នុងខេត្ត កោះកុង ជាស្រុកអស់មីន ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឥណ្ឌា។ លទ្ធផលនេះបានបង្ហាញការពីការយកចិត្តទុករបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមគ្នាធានាផ្តល់នូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ កិច្ចការបោសសម្អាតមីន មិនត្រឹមតែលប់បំបាត់ការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប៉ុណ្ណោះទេ ថែមទាំងបង្កើននូវសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបស់មនុស្ស រដ្ឋាភិបាលឥណ្ឌា នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់កិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត ប្រទេសកម្ពុជាសម្រេចនូវគោលដៅជាប្រទេសគ្មានមីននៅឆ្នាំ២០៣០៕

ដោយ សួស សំរិត





