សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឱ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- ជាមួយនឹងការផលិតវីដេអូសម្តែងផ្សព្វផ្សាយ មានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំរបស់គណនី Tik Tok ឈ្មោះ " Amy Richard310" និង ហ្វេសប៊ុក ឈ្មោះ " Piseth PG EM"នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឱ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា៖ «អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឱ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្មីៗនេះឃើញមានគណនី Tik Tok ឈ្មោះ " Amy Richard310" និង ហ្វេសប៊ុក ឈ្មោះ " Piseth PG EM" បាន ផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។ បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់ មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ ដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តន៍តាមនីតិវិធី។
ជាមួយគ្នានេះ សូមប្រជាពលរដ្ឋទទួលព័ត៌មានពិតប្រាកដចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ៕
ដោយ៖ ជឹម ណារី





