គ្រួសាររងគ្រោះដោយអគ្គិភ័យនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានចាត់ឱ្យលោក រស់ សុខន នាយកប្រតិបត្តិសាខាដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅជូនដល់គ្រួសារដែលបានរងគ្រោះដោយសារឆ្លងចរន្តអគ្គីសនីបានបណ្ដាលឱ្យឆេះផ្ទះទាំងស្រុងចំនួន៣គ្រួសារ នៅភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកនាយកសាខាបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីអាណិតអាសូរពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា ជាមួយឯកឧត្តម អ៊ាង សុផល្លែត ប្រធានគណៈកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែជួយសង្រ្គោះដល់បងប្អូនជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់មជ្ឈដ្ឋាន ទោះបីជាសម្ដេចមិនបានចុះមកជួបផ្ទាល់មែនពិត ក៏សម្ដេចមានបណ្ដាញក្រុមការងារនៅតាមបណ្ដាខេត្តនីមួយៗជាតំណាងចុះទៅជួយបានទាន់ពេលវេលាដែរ។

លោកក៏បានចូលរួមសោកស្ដាយជាមួយបងប្អូនដែលបានបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិទាំង៣គ្រួសារនិង បានសំណូមពរឱ្យបងប្អូនជនរងគ្រោះទាំងអស់ត្រូវខិតខំ រកទទួលទានសារជាថ្មី ហើយត្រូវប្រុងប្រយ័ត្នលើបញ្ហាភ្លើងចង្រ្កាន ឬបណ្ដាចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវដើម្បីជៀសវាងការរងផលប៉ះពាល់ដូចករណីខាងលើទៀត។

សូមជម្រាបជូនថា អំណោយផ្ដល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប សម្ភារផ្ទះបាយ១ឈុត និងថវិកាចំនួន៨០០,០០០រៀលផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





