កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាមឃុំ-សង្កាត់ទាំងអស់ បានសហការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយជាសាធារណៈអំពីគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ ចំណុច ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងខេត្ត ដើម្បីបង្កើនការយល់ដឹង និងចូលរួមអនុវត្តជាក់ស្ដែង។

ការចុះផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងជាប្រចាំ ដោយផ្តោតសំខាន់លើការជួបជុំដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ និងការរៀបចំវេទិកាសាធារណៈនៅតាមសាលារៀននានា។ គោលបំណងសំខាន់នៃការផ្សព្វផ្សាយនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋ និងយុវជន ជាពិសេសសិស្សានុសិស្ស យល់ដឹងស៊ីជម្រៅអំពីខ្លឹមសារនៃគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ដែលជាកូនសោដ៏សំខាន់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ខ្លឹមសារសំខាន់ៗនៃការផ្សព្វផ្សាយ ក្រៅពីការបកស្រាយលម្អិតអំពីគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» កម្លាំងនគរបាលក៏បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយទៅលើប្រធានបទសំខាន់ៗ៖ ច្បាប់ចរាចរណ៍ផ្លូវគោកបង្កើនការយល់ដឹងអំពីច្បាប់ចរាចរណ៍ វិន័យក្នុងការបើកបរ និងផលប៉ះពាល់នៃការមិនគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ផលប៉ះពាល់នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សព្វផ្សាយអំពីគ្រោះថ្នាក់ និងវិធានការការពារពីគ្រាប់យុទ្ធភណ្ឌដែលនៅសេសសល់ពីសម័យសង្គ្រាម ដោយសារខេត្តបន្ទាយមានជ័យជាតំបន់ប្រឈម។ ផលប៉ះពាល់នៃគ្រឿងញៀន និងវិធានការបង្ការបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀនទាំងលើសុខភាព បញ្ហាគ្រួសារ និងសង្គមជាតិ ព្រមទាំងវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀន។ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ ជំរុញឱ្យប្រជាពលរដ្ឋដែលទើបគ្រប់អាយុ និងអ្នកដែលផុតសុពលភាព ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ដើម្បីងាយស្រួលក្នុងការបំពេញបែបបទផ្សេងៗ និងការចុះឈ្មោះបោះឆ្នោត។

ថ្លែងអំពីការងារសន្តិសុខ និសណ្តាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសង្កត់ធ្ងន់ថា «ក្នុងនាមជាកម្លាំងនគរបាល យើងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ខ្ញុំបានដាក់បទបញ្ជាជាប្រចាំទៅកាន់កម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ឱ្យបន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។»

លោកឧត្តមសេនីយ៍ទោបានបន្តថា៖ «យើងត្រូវតែពង្រឹងការយាមល្បាត និងប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈទូទាំងខេត្ត។ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ទាំងថ្ងៃទាំងយប់ ពិសេសបទល្មើសលួច ឆក់ ប្លន់ និងសកម្មភាពក្មេងទំនើង គឺជាអាទិភាពចម្បងរបស់យើង។ លើសពីនេះ យើងក៏បានត្រៀមកម្លាំងជានិច្ចសម្រាប់បង្ការ ទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះធម្មជាតិ ឬករណីអគ្គិភ័យជាយថាហេតុ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទូទាំងខេត្តរស់នៅប្រកបដោយសុខសុវត្ថិភាព និងភាពកក់ក្តៅ។»

ការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនគរបាលខេត្តបន្ទាយមានជ័យឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបាននូវសុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈការអនុវត្តជាក់ស្ដែងនូវគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល៕
ដោយ ឈុន សារ៉ាត





