កិច្ចប្រជុំដោះស្រាយអធិករណ៍នៅវត្តចំនួន២ ក្នុងខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានកិច្ចប្រជុំពិភាក្សាដោះស្រាយអធិករណ៍នៅវត្តសិលាមណី ហៅវត្តគ្រួស ស្ថិតក្នុងភូមិគ្រួស ឃុំរលាប្អៀរ និងវត្តទិត្តំមរង្សី ហៅវត្តអណ្តូងប្រេង ស្ថិតក្នុងភូមិអណ្តូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តអញ្ជើញចូលរួមព្រះសីលាភិរ័ត ហែម ឡូត ព្រះវិន័យធរគណខេត្ត លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត ព្រះមន្រ្តីសង្ឃខេត្ត ស្រុករលាប្អៀរ អង្គភាពនានា និង អាជ្ញាធរពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការប្រកាសគាំទ្រសេចក្តីសម្រេចស្តីពីការដាក់វត្តទាំង២គ្រប់គ្រងរបស់សាលាគណខេត្ត ក្រោមព្រះអធិបតីភាពព្រះសីលាភិរ័ត ហែម ឡូត ព្រះវិន័យធរគណខេត្ត។ ពុទ្ធបរិស័ទត្រូវដោះស្រាយបញ្ហាដោយសន្តិវិធីចៀសវាងការប្រើអំពើហិង្សា សូមពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ កុំបង្កជម្លោះជាមួយព្រះសង្ឃ កុំយកអកុសលមកដាក់ក្នុងខ្លួន កុំប្រើអំពើហិង្សា បំផ្លិចបំផ្លាញរបស់វត្ត ប្រព្រឹត្តិបទល្មើស ដែលជាអំពើខុសច្បាប់ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់មិនទុកឱ្យនណាម្នាក់ប្រព្រឹត្តិអំពើខុសច្បាប់ខុសធម៌វិន័យឡើយ។ ចំពោះរឿងអធិករណ៍ក្នុងវត្តអារាម សូមទុកឱ្យគណៈសង្ឃ ក៏ដូចជាមន្ត្រីសង្ឃធ្វើការដោះស្រាយតាមធម៌វិន័យចុះ ក្នុងនាមយើងជាពុទ្ធបរិស័ទ ត្រូវមានគុណធម៌ខ្ពស់ ចេះគោរពស្រលាញ់ព្រះពុទ្ធសាសនា កុំបង្កការលំបាកដល់ព្រះសង្ឃ ត្រូវគាំទ្រ និងគោរពតាមវិធានការដោះស្រាយរបស់ព្រះមន្ត្រីសង្ឃ ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា យោងតាមភាពជាក់ស្តែងនៅក្នុងវត្ត និងការលើកឡើងពីអង្គប្រជុំប្រកបដោយហេតុផលសមរម្យ គណៈកម្មការអង្គប្រជុំ និងលោកអាចារ្យ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានព្រមព្រៀង និងឯកភាពគ្នា ទទួលយកហេតុផល និងបញ្ចប់អធិករណ៍ក្នុងវត្តទាំងសងខាង ដោយមិនមានការអាក់អន់ចិត្ត រឺឱ្យមានការផ្លាស់ប្តូព្រះគ្រូចៅអធិការអ្វីនោះទេ គឺអ្វីៗរក្សាដូចសភាពដើម និងរួមគ្នាកសាងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនរុងរឿងថ្កុំថ្កើងថ្វាយព្រះរតនត្រៃតទៅទៀត នៅក្នុងសង្គមជាតិយើង។

ក្នុងបរិបទនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ចូលរួមទប់ស្កាត់នូវអំពើអបាយមុខផ្សេងៗ ក្នុងការអនុវត្តតាមការណែនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ដែលអំពាវនាវដល់ជនរួមជាតិទាំងអស់ឱ្យចូលរួមជាចរន្តជាតិមួយជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់នូវពួកអគតិ។ ការសំឡឹងឆ្ពោះទៅមុខក្នុងកិច្ចសហការប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នានាពេលអនាគត យើងត្រូវពិចារណាពីបរិបទរួមគ្នា នៃការឆ្លើយតបនិងការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើននិងរុងរឿងទៅថ្ងៃអនាគត។ គ្មានបទល្មើសគ្រប់ប្រភេទ គ្មានគ្រឿងញៀន និងល្បែងស៊ីសង។ ភូមិ-ឃុំ-សង្កាត់ មានសណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានអំពើអានាចារការជួញដូរមនុស្ស គ្មានហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង មានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ភូមិ-ឃុំ-សង្កាត់ មានសោភ័ណភាព និងបរិស្ថានល្អ និងឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺរាតត្បាត។ ធាតុផ្សំទាំង៧ចំណុចនេះមានសុវត្ថិភាព បានចូលរួមនូវការកាត់បន្ថយខាតបង់របស់ប្រជាពលរដ្ឋ បង្កើនជីវភាពក្នុងគ្រួសារកាន់តែប្រសើឡើង៕


ដោយ បៃ ស៊ីថុន





