ក្រុមដំណើរខ្មែរចាក់បញ្ចាំងភាពយន្តឯកសារក្រោមចំណងជើងថា "ជីវិតថ្លៃ ឬបទុមបុប្ផាសួគ៌"
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥-- ភាពយន្តឯកសារក្រោមចំណងជើងថា "ជីវិតថ្លៃ ឬបទុមបុប្ផាសួគ៌" ដែលរៀបរាប់ពីជីវិតសិល្បករខ្មែរដែលរស់នៅរងទុក្ខវេទនាក្នុងរបបខ្មែរក្រហម និងជីវិតដ៏សែនវេទនានៃតារាភាពយន្តល្បីមួយរូបដែលមានវាសនាល្អរួចផុតពីការស្លាប់ក្នុងរបបវាលពិឃាតត្រូវបានចាក់បញ្ចាំងដោយក្រុមដំណើរខ្មែរ រួមនឹងការប្រគំតន្រ្តីមហោរី និងតន្រ្តីទសវត្សទី៦០ ការសម្តែងអាយ៉ៃឆ្លើយឆ្លងក្រោមប្រធានបទ "យុគមាស នៃភាព យន្តខ្មែរ" ដោយក្រុមសិល្បៈអាយ៉ៃយុវជនជំនាន់ថ្មី និងពិធីសម្ពោធសៀវភៅ "បទុមមួយទង" ដែលជាកម្រងជីវិតពិតរបស់តារារៀមច្បង សេង បទុម ផងដែរ។ ពិធីនេះប្រព្រឹត្តទៅនៅរោងភាពយន្តលេជេន អូឡាំព្យា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមកម្មវិធីដែលមានឈ្មោះថា "ស្លាបប៉ាកកាអនុស្សាវរីយ៍លើកទី២" ដោយមានព្រះវត្តមានចូលរួមពីសំណាក់សែរាជវង្សគឺព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា។

ក្នុងឱកាសនេះ លោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរបានឱ្យដឹងថា កម្មវិធីស្លាបប៉ាកកាអនុស្សាវរីយ៍លើកទី១ធ្វើឡើងកាលពីឆ្នាំ២០២៣ ហើយលើកទី២បានរៀបចំឡើងក្នុងឆ្នាំ២០២៥នេះ ក្នុងគោលបំណងមិនត្រឹមតែជាការជួបជុំរបស់អ្នកស្រឡាញ់សិល្បៈ វប្បធម៌ខ្មែរតែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាវេទិកាដ៏ធំសម្បើមសម្រាប់ការដឹងគុណ និងរំលឹកគុណទៅដល់វីរៈសិល្បករខ្មែរដែលលោកធ្លាប់បានបម្រើជាតិ មាតុភូមិ ដែលការរំលឹកគុណ និងការដឹងគុណគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាអ្នកជំនាន់ក្រោយ និងជាការបង្ហាញនូវគំរូល្អសម្រាប់ដំណើរជីវិតរបស់មនុស្សជាតិក្នុងការមាននូវកតញូ កតវេទី ជាចាំបាច់មិនថាចំពោះតែមាតា បិតា ជីដូនជីតា អ្នកដែលធ្លាប់ជួយសង្គ្រោះយើង ដែលយើងជាអ្នកសិល្បៈជំនាន់ក្រោយត្រូវតែដឹងគុណ និងគោរពរៀមច្បងជាចាំបាច់ ព្រោះផ្លូវដែលយើងកំពុងដើរនេះគឺពួកគាត់បានឈូសឆាយ ត្រួសត្រាយទុកសម្រាប់យើងរួចហើយ។

លោក វីរៈ វ៉ារ៉ានី បានគូសបញ្ជាក់ថា អំពើដឹងគុណ និងការសងគុណ គឺជាទង្វើដ៏ល្អដែលនាំឱ្យមនុស្សម្នាក់ៗមានភាពរីកចម្រើនទៅមុខជាដរាប។ យ៉ាងណាមិញវីរភាពរបស់សិល្បករ សិល្បការិនី តារាភាព យន្ត តារាចម្រៀងក្នុងសម័យយុគមាសដ៏រុងរឿងនៃសម័យសង្គមរាស្ត្រនិយម យើងត្រូវតែស្តែងឱ្យឃើញនូវអ្វីដែលជាការដឹងគុណចំពោះពួកគាត់តាមរយៈរូបភាពណាមួយតួយ៉ាងដូចជាកម្មវិធីស្លាបប៉ាកកាអនុស្សាវរីយ៍ដែលកំពុងធ្វើដោយក្រុមដំណើរខ្មែរនៅពេលនេះជាដើមដោយលោកបានគូសបញ្ជាក់ថា ថ្វីដ្បិតតែក្រុមដំណើរខ្មែររបស់លោកមានអាយុកាលត្រឹមតែ៣ឆ្នាំក៏ពិតមែន តែក្រុមមួយនេះមានភាពរឹងមាំ បំពេញបាននូវបេសកកម្មទាំងក្នុងស្រុក និងក្រៅស្រុកជាបន្តបន្ទាប់ប្រកបដោយឆន្ទៈពិតប្រាកដក្នុងការស្រាវជ្រាវ ចងក្រង ថែរក្សាឯកសារប្រវត្តិសិល្បៈខ្មែរកាលពីអតីតកាលដូចជា ភាពយន្ត ចម្រៀង របាំ ដែលបានបាត់បង់ដោយសារសង្គ្រាម ហើយដែលសន្តិភាពក្នុងរយៈពេលជាង៣០ឆ្នាំមកនេះបានផ្តល់លទ្ធភាពគ្រប់បែបយ៉ាងជូនប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាការងាររបស់ក្រុមដំណើរខ្មែររបស់លោក ដែលមានន័យថា មានសន្តិភាព គឺមានអ្វីៗគ្រប់យ៉ាង។

ក្នុងឱកាសនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្ស សូរិយា បានវាយតម្លៃខ្ពស់ចំពោះក្រុមដំណើរខ្មែរ ដែលបានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យសិល្បៈខ្មែរ តាមរយៈការរៀបចំនូវកម្មវិធីសិល្បៈនានាក្នុងពេលកន្លងមក ជាពិសេសការរៀបចំកម្មវិធីស្លាបប៉ាកកាអនុស្សាវរីយ៍ជាលើកទី២នាពេលនេះក្នុងគោលបំណងមិនត្រឹមតែជាការជួបជុំរបស់អ្នកស្រឡាញ់សិល្បៈ វប្បធម៌ខ្មែរតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់ការដឹងគុណ និងរំលឹកគុណទៅដល់វីរសិល្បករខ្មែរដែលលោកធ្លាប់បានបម្រើជាតិមាតុភូមិផងដែរ៕


ដោយ៖ ចាន់ សុភឿន





