មន្ត្រីអនុវត្តលទ្ធកម្មមកពីខេត្តចំនួន៥ ចូលរួមវគ្គបណ្តុះបណ្តាល និងវិក្រឹត្យការ ស្តីពី "វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណ:"
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សាមុត សុធារិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្តុះបណ្តាល និងវិក្រឹត្យការស្តីពី “វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មធារណៈ” នៅសណ្ឋាគារឆ្នេរសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី មន្ត្រីអនុវត្តលទ្ធកម្មរដ្ឋបាលក្រុង ស្រុក នៃខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត កាលពីថ្ងៃចន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍បើកវគ្គបណ្តុះបណ្តាល និងវិក្រឹត្យការ នៅលើទឹកដីខេត្តតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង ដែលត្រូវបានប្រសិទ្ធនាមថា ជា "តារារះនា ទិសនារតី" នៃព្រះរាជាណាចក្រកម្ពុជា និងបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាឱកាសដ៏វិសេសវិសាលនេះ និងបានថ្លែងអំណរគុណចំពោះវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ រៀបចំនូវវគ្គបណ្តុះបណ្តាលនេះឡើង ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មន្រ្តីលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្មរដ្ឋបាល ក្រុង ស្រុក ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកនូវគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ ព្រមទាំងបង្កើតបាននូវមូលធនមនុស្សដែលជាអាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មានដូចជាមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តជ្រោងទង់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ប្រកបដោយប្រសិទ្ធភាព ភាពប្រកួតប្រជែង បើកចំហ បរិយាបន្ន និងចីរភាព ដោយរដ្ឋប្រកាន់យកតួនាទីជាយុទ្ធសាស្ត្រអ្នកដឹកនាំ និងអ្នកគ្រប់គ្រងការអភិវឌ្ឍ ជាអ្នកការពារកម្មសិទ្ធិ និងទ្រព្យសម្បត្តិឯកជន និងជាអ្នកគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន។

លោកអភិបាលរងបានមានប្រសាសន៍បន្ថែមទៀតថា រដ្ឋប្រកាន់យកនូវការបើកចំហឆ្ពោះទៅខាងក្រៅដោយពង្រឹង និងពង្រីកក្របខ័ណ្ឌពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងការបង្កើនភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំ និងអភិវឌ្ឍ «ខេត្តព្រះសីហនុ ជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន» តាមរយៈការអភិវឌ្ឍ៖ ទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ កោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅលម្ហែកាយ ការសម្រាកកម្សាន្ត រួមទាំងជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក។

ក្នុងឱកាសនោះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅធានាបាននូវការគ្រប់គ្រង និងចាត់ចែងថវិកាឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុកជាដំណាក់កាលៗនៃសសរស្តម្ភរការកែទម្រង់នោះគឺ ភាពជឿទុកចិត្តនៃថវិកា គណនេយ្យភាព ហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងថវិកាសមិទ្ធកម្ម ។ល។

ឯកឧត្តមបានបន្តទៀតថា ការអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបានចាត់ទុកជានីតិបុគ្គល នៃនីតិសាធារណៈដែលមានទ្រព្យសម្បត្តិ និងធនធានហិរញ្ញវត្ថុផ្ទាល់ ការអនុវត្តការងារប្រចាំថ្ងៃត្រូវឈរលើ គោលការណ៍រដ្ឋបាលឯកភាព មានលក្ខណៈប្រទាក់ក្រឡា ស៊ីសង្វាក់ និងមានសង្គតិភាពយ៉ាងជិតស្និទ្ធទៅនឹងកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអនុវត្តនូវរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕

ដោយ ងូ សុមុនី





