កិច្ចប្រជុំស្តីពីលទ្ធផលគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥-- លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិនៃអាជ្ញាធរទន្លេសាប នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំស្តីពីលទ្ធផលគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែនសម្រាប់ពាក់កណ្តាលអាណត្តិ (ខែមករា ឆ្នាំ២០២៣ រហូតដល់ខែឧសភា ឆ្នាំ២០២៨) និងផ្ទេរការគ្រប់គ្រងសម្រាប់ពាក់កណ្តាលអាណត្តិចុងក្រោយ (ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ខែធ្នូ ឆ្នាំ២០២៨) នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

កិច្ចប្រជុំមានការធ្វើបទបង្ហាញពីរបាយការណ៍ចំនួន៣ចំណុច៖ ទី១. បង្ហាញពីរលទ្ធផលគម្រោងសម្រាប់ពាក់កណ្តាលអាណត្តិដំបូង នៃការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនលើផ្នែកការគាំទ្រស្ថាប័ន និងផ្នែកជំនួយស្ថានីយផ្គត់ផ្គង់ទឹកស្អាត។ ទី២. បទបង្ហាញពីវឌ្ឍនភាពរបស់សមាគមទឹកស្អាតអាងស្ទឹងសែន និងផែនការអនុវត្តន៍បន្តក្នុងឆ្នាំ២០២៥ និងទី៣. បទបង្ហាញស្តីពី ទស្សនវិស័យលើការវិវត្តន៍នៃអាងស្ទឹងសែននៅឆ្នាំ ២០២៥-២០២៦។

ក្នុងអង្គប្រជុំក៏បានពិភាក្សាលើផែនការសកម្មភាពដែលនឹងត្រូវអនុវត្តនៅឆមាសទី២ ឆ្នាំ២០២៥ មានចំនួន ៣ គឺ៖ ទី១. សកម្មភាពទឹកស្អាត និងសុខភាព ទី២. សកម្មភាពធនធានទឹក និងកសិកម្ម និងទី៣. សកម្មភាពបរិស្ថានក្នុងបឹងទន្លេសាប៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





