ពិធីបិទផ្សាយឯកសារវិនិច្ឆ័យក្បាលដីជាសាធារណៈក្នុងភូមិចំនួន០៦ ក្នុងស្រុកខ្សាច់កណ្តាល
AKP កណ្តាល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ -- លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធក្នុងស្រុកខ្សាច់កណ្តាលថា ការបិទផ្សាយនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួនមុននឹងធ្វើការវាស់វែងចេញប័ណ្ណកម្មសិទ្ធិ។

លោកអភិបាលរងខេត្តកណ្តាលបានលើកឡើងបែបនេះក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងភូមិចំនួន០៦ នៅក្នុងស្រុកខ្សាច់កណ្តាល ដែលរួមមានភូមិព្រែកតាបែន ភូមិស្លា ភូមិស្វាយរមៀត ភូមិឈើទាល ភូមិកណ្តាល និងភូមិស្វាយដំណាក់ ក្នុងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ដែលស្មើនឹង ៤.៦១៥ក្បាលដី នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះ។

ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល ១៥ថ្ងៃប៉ុណ្ណោះក្រោយការបិទផ្សាយនេះ ដូច្នេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យមកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ព្រោះវាមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានាបាននូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ដែលជាឯកសារសំអាងដ៏រឹងមាំក្នុងករណីមានជម្លោះដី ជាពិសេសទៀតនោះគឺបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០៦ភូមិ នេះ គឺជាការបិទផ្សាយលើកទី២១ ហើយសម្រាប់ស្រុកខ្សាច់កណ្តាល និងជាលើកទី២៨៥ សម្រាប់ខេត្តកណ្តាលទាំងមូល៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





