អង្គការ CI និងសហគមន៍មូលដ្ឋានចំនួន១៧ ក្នុងខេត្តពោធិ៍សាត់ និងកំពង់ធំ ស្តាព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ -- អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) បានសហការជាមួយសហគមន៍មូលដ្ឋានចំនួន១៧ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ផ្តួចផ្តើមគម្រោងដាំ និងស្តាព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ដោយគ្រោងដាំកូនឈើព្រៃលិចទឹកសរុបចំនួន ១១៨.០០០ដើម និងដាំដោយគ្រាប់ពូជសរុបចំនួនប្រមាណជិត ៩២.០០០គ្រាប់នៅក្នុងឆ្នាំ២០២៥ នេះ។ គម្រោងនេះបានចាប់ផ្តើមឡើងតាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ និងបានបញ្ចប់ការដាំដោយគ្រាប់ពូជប្រកបដោយជោគជ័យ និងដាំកូនឈើប្រមាណ ៩០.០០០ដើមលើផ្ទៃដីជាង ២០០ហិកតា។

ប្រភពពិអង្គការ CI បានឱ្យដឹងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះថា គោលដៅចម្បងនៃគម្រោងនេះ គឺដើម្បីស្ដារឡើងវិញនូវជម្រកដ៏សំខាន់សម្រាប់មច្ឆា និងសត្វព្រៃ ដែលមានសារៈសំខាន់សម្រាប់ការថែរក្សាជីវៈចម្រុះនៅក្នុងតំបន់ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

អង្គការ CI ធ្វើការងារក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ និងដៃគូពាក់ព័ន្ធ រួមស្តារបរិស្ថានធម្មជាតិដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ធម្មជាតិសំខាន់ៗនៅកម្ពុជា ដោយនៅក្នុងនោះមានតំបន់ព្រៃលិចទឹកនៅតំបន់ទន្លេសាបជាដើម។
គម្រោងការនេះមិនត្រឹមតែគាំទ្រដល់ការអភិរក្សបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ផ្តល់អត្ថប្រយោជន៍ទាំងប្រព័ន្ធអេកូឡូស៊ី និងជីវភាពប្រជាជនក្នុងតំបន់ និងស្តារភពផែនដីដ៏ស្រស់បំព្រងមួយសម្រាប់មនុស្សគ្រប់ជំនាន់ផងដែរ៕

ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ CI)





