ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៣៤គ្រួសារបានទទួលអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
AKPភ្នំពេញ ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៥---
ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ចើញជួប សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២៣៤គ្រួសារ ដែលមានជីវភាពទីទ័លក្រ មកពី ស្រុកបាណន់ ខេត្តបាត់ដំបង
ពិធីនេះប្រារព្វធ្វើនៅបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ។
ដោយមានវត្តមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាស្រុកបាណន់ អ្នកស្មគ្រ័ចិត្ត និងយុវជន ជាច្រើនរូប ។


ឯកឧត្តមសន្តិបណ្ឌិត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងងកោតសរសើរចំពោះ ថ្នាក់ដឹកនាំសាខា ក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកបាណន់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋ ។


ឯកឧត្តមបាន អំពាវនាវដល់គ្រួសារប្រជាពលរដ្ឋនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងឡើងសម្ពាធឈាមជាដើម។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើង និងជួយលើកស្ទួយជីវភាពគ្រួសាររៀងឱ្យប្រសើរឡើង ។
គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ១កេស,ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរទឹកស៊ីអ៊ីវ១យួរ , និងថវិកាមួយចំនួនផងដែរ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





