រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តឱ្យសារព័ត៌មាន KHMER INDUSTRIALECONOMY ផ្សាយជាភាសាចិន បង្កើនការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរចិនឱ្យមកកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់អង្គភាពព័ត៌មាន KHMER INDUSTRIAL ECONOMY ដែលផ្សាយជាភាសាចិន សូមចូលរួមបង្កើនការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវអំពីកម្ពុជា ឱ្យបានច្រើន សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងវិនិយោគិនចិនឱ្យមកកម្ពុជាបានកាន់តែច្រើន។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក SUN YINGLONG អគ្គនាយកក្រុមហ៊ុន PIONT BUSINESS SERVICE (ខេមបូឌា) ឯ.ក និងជាចាងហ្វាងសារព័ត៌មាន ខ្មែរអ៊ិនដាស់ស្ត្រៀលអេកូណូមី (KHMER INDUSTRIAL ECONOMY) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះសារព័ត៌មានភាសាចិន បានចូលរួមផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ដែលជួយលើកកម្ពស់ឱ្យពិភពលោកបានយល់ដឹងអំពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងសក្តានុពលនានារបស់ប្រទេសកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា សារព័ត៌មានចិន ដែលបំពេញការងារនៅក្នុងប្រទេសកម្ពុជា បានជួយផ្សព្វផ្សាយព័ត៌មានពិតអំពីសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាជនចិន និងប្រជាពលរដ្ឋដែលនិយាយភាសាចិន នៅទូទាំងពិភពបានដឹងច្បាស់បន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្ដីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់សារព័ត៌មាន ខ្មែរថាមស៍ ឆាយនីស ផ្សាយជាភាសាចិន ដែលបានផ្សព្វផ្សាយកន្លងមក ហើយពេលនេះទទួលបានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន ដែលមានឈ្មោះថា សារព័ត៌មាន KHMER INDUSTRIAL ECONOMY ដែលមានគោលជំហរ និងការផ្សព្វផ្សាយព័ត៌មានដូចសារព័ត៌មានខ្មែរថាមស៍ ឆាយនីស ផ្សាយជាភាសាចិនដដែល បានជួយផ្សព្វផ្សាយពីអ្វីដែលបានកើតមានឡើងនៅកម្ពុជា ពិត ជាក់ស្តែងដើម្បីឱ្យប្រជាជន ក៏ជាអ្នកវិនិយោគ និងអ្នកទេសចរចិនបានដឹងច្បាស់ និងទទួលបានព័ត៌មានបន្ថែមទៀត។


ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានជំរុញឱ្យថ្នាក់ដឹកនាំសារព័ត៌មាន KHMER INDUSTRIAL ECONOMY ពិនិត្យក្នុងការធ្វើកិច្ចសហការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើម្បីដកស្រង់ព័ត៌មានសំខាន់ៗ យកទៅបកប្រែជាភាសាចិនហើយផ្សព្វផ្សាយជាផ្លូវការ ព្រោះស្ថាប័នសារព័ត៌មានជាតិ AKP នេះគឺរាល់ព័ត៌មានគឺពិតត្រឹមត្រូវ មានប្រភពច្បាស់លាស់ ហើយរាល់គោលជំហរ និងការសម្រេចផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវផ្សព្វផ្សាយបានលឿន រួមជាមួយរូបភាពផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីលើកឡើងថា ការចងសម្ព័ន្ធនិងធ្វើកិច្ចសហការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើម្បីទទួលបាននូវអត្ថបទផ្លូវការយកទៅបកប្រែជាភាសាចិន ដើម្បីយកទៅផ្សព្វផ្សាយអំពីសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល ព័ត៌មានពិត ត្រឹមត្រូវ ចេញពីរាជរដ្ឋាភិបាល។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ការបញ្ចូនព័ត៌មានពិតពីកម្ពុជាទៅតាមរយៈសារព័ត៌មាន ផ្សាយជាភាសាចិន ដើម្បីឱ្យបងប្អូនចិននៅកម្ពុជា ក៏ជាជនជាតិចិន នៅក្នុងប្រទេសចិន ទទួលបានព័ត៌មានត្រឹមត្រូវពិតប្រាកដថែមទៀត។ ឯកឧត្ដម នេត្រ ភក្រ្ដា ក៏បានបញ្ជាក់ជូនផងដែរ ក្រសួងព័ត៌មាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ គឺបានធ្វើផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងការឆ្លើយតបឱ្យបានទាន់ពេលវេលា និងភ្លាមៗនៃព័ត៌មាន ព្រោះបច្ចុប្បន្ននេះ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមច្រើន ពេលខ្លះធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការទទួលព័ត៌មានពិត និងត្រឹមត្រូវ ហើយក្រសួងព័ត៌ក៏ត្រូវគិតគូរក្នុងការជំរុញផ្សព្វផ្សាយព័ត៌មានឱ្យបានលឿន ឆាប់រហ័ស ជាពិសេសការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ទាមទារឱ្យយើងត្រូវមានភាពលឿន រហ័ស និងមានខ្លឹមសារត្រឹមត្រូវ ដើម្បីគ្រប់គ្រងលើសតិអារម្មណ៍ប្រជាពលរដ្ឋ។
បើតាមឯកឧត្ដម រដ្ឋមន្រ្ដីក្រសួងព័ត៌មាន កាសែតផ្សាយជាភាសាចិន ដែលបានផ្សព្វផ្សាយអំពីកម្ពុជានាពេលកន្លងទៅគឺបានល្អ ហើយឯកឧត្ដមក៏សូមជំរុញលើកទឹកចិត្តឱ្យសារព័ត៌មាន KHMER INDUSTRIAL ECONOMY បន្ដការផ្សព្វផ្សាយថែមទៀត ដែលក្រសួងព័ត៌មានបើកទូលាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្នុងការយកអត្ថបទ យករូបភាព សម្រាប់ធ្វើការផ្សព្វផ្សាយ។


ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបន្ថែមថា ជាទិសដៅទៅមុខ ក្រសួងព័ត៌មានបាននិងកំពុងតែរៀបចំបង្កើតការផ្សាយជាភាសាចិនផងដែរ សម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដោយកំពុងធ្វើការងារជាមួយបណ្តាញប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន CMG ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយភាសាចិនឱ្យបានទូលំទូលាយថែមទៀត។
ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងស្ថាប័នសារព័ត៌មានចិនធំៗជាច្រើន។ ជាក់ស្តែងកាលពីកឡុងខែខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន CMG បានចុះអនុស្សរណៈនៃការយោគយល់ដើម្បីការអភិវឌ្ឍថែមមួយកម្រិតទៀត ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលមន្រ្តីជំនាញ អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផលិតកម្មវិធី និងបន្ថែមលើនេះទៀត គឺកិច្ចសហការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូកទៅឌីជីថល និងការផ្សាយព័ត៌មានអន្តរជាតិ ជាភាសាខ្មែរតាមរយ: China Global Television Network -CGTN។ ទន្ទឹមនេះ CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV។ CGTN មានទំហំនៃការផ្សាយមានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក។

ជាការឆ្លើយតប លោក SUN YINGLONG បានបញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ពិសេសជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើម្បីចូលរួមចំណែក ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានជាភាសាចិន ដល់សាធារណជនបានយល់ បានដឹង និងបានជ្រាប ជាពិសេសនោះ គឺអ្នកវិនិយោគ និងជនជាតិចិនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានលើកឡើងថា បើតាមការកត់សម្គាល់ឃើញថា ខាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅមានការខ្វះខាតខាងផ្នែកខ្លឹមសារនៃការផ្សព្វផ្សាយព័ត៌មានជាភាសាចិន ដែលឃើញថា អ្នកវិនិយោគិនចិន ប្រជាជនចិនបានមកស្នាក់នៅ ធ្វើការអភិវឌ្ឍ និងវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា នៅមិនទាន់ទទួលបានព័ត៌មានឱ្យបានគ្រប់គ្រាន់នៅឡើយ។ លោកបានអះអាងថា ដូច្នេះ ការទទួលបាននូវព័ត៌មានត្រឹមត្រូវ និងពិតប្រាកដទៅកាន់អ្នកវិនិយោគចិន និងប្រជាជនចិននៅក្នុងប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ណាស់។
លោក SUN YINGLONG បានសម្ដែងនូវការរីករាយក្នុងការចូលរួមសហការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP សម្រាប់ផ្សព្វផ្សាយព័ត៌មានជាភាសាចិនលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀត៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





