រដ្ឋសភាប្រកាសលទ្ធផលនៃជួបរវាងគណៈកម្មការទី៥នៃរដ្ឋសភាជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥--
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រកាសពីលទ្ធផលនៃកិច្ចប្រជុំទល់មុខរវាងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងតំណាងគណៈកម្មការពាក់ព័ន្ធនៃរដ្ឋសភាបាន ជួបប្រជុំទល់មុខជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសហការី នៅវិមានរដ្ឋសភា ដើម្បីឈ្វេងយល់និងពិគ្រោះយោបល់ អំពី “វឌ្ឍនភាពនៃការគ្រប់គ្រងនិងការដឹកនាំវិស័យព័ត៌មាននិងសោតទស្សន៍របស់រាជរដ្ឋាភិបាលកម្ពុជា” ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថានៅក្នុងជំនួបកាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានមានប្រសាសន៍ស្វាគមន៍ និងវាយតម្លៃ ខ្ពស់ចំពោះកិច្ចប្រជុំទល់មុខនាពេលនេះ ដែលបានរៀបចំឡើងក្នុងគោលបំណងចូលរួមពង្រឹងវិស័យព័ត៌មានក៏ ដូចជាលើកកម្ពស់គុណភាពព័ត៌មាន ជាពិសេសសុចរិតភាពព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបថា ក្រសួងព័ត៌មានមានគោលដៅក្នុងការប្រែក្លាយ ក្រសួងទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងលំហព័ត៌មាននិងសន្តិសុខព័ត៌មាន ដោយពង្រឹងលើការងារស្នូលសំខាន់ៗ រួមមាន៖ ១-ការធ្វើទំនើបកម្មនិងការកសាងរដ្ឋបាលទំនើប ២-ការអភិវឌ្ឍមូលធនមនុស្ស ៣-ការពង្រឹងការអនុវត្តច្បាប់និង ក្រមសីលធម៌វិជ្ជាជីវៈ ៤-ការពង្រឹងប្រសិទ្ធភាពនិងគុណភាពស្ថាប័ន និង៥-ការទូតសារព័ត៌មាន។ ដើម្បីពង្រឹង ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបាន ប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈព័ត៌មាន ក្នុងគោលបំណងបន្តធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ។

ក្រសួងព័ត៌មានបានបង្កើតនូវយន្តការសម្រាប់ការលើកកម្ពស់សុចរិតភាពនិងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ការ ពង្រឹងការគ្រប់គ្រងសន្តិសុខព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់អំពីប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាទាំងទំនើបនិងបុរាណចុះបញ្ជីការរួច សរុបចំនួន ១ ៦២០អង្គភាព ក្នុងនោះ រួមមាន៖ គេហទំព័រនិងទូរទស្សន៍អនឡាញ ៨៣៩អង្គភាព កាសែត ១២៥អង្គភាព សមាគមសារព័ត៌មាន ២៦អង្គភាព ទស្សនាវដ្ដី ៦អង្គភាព ព្រឹត្តិប័ត្រ ១២អង្គភាព រោងពុម្ព ៨៩អង្គភាព សៀវភៅ ២២អង្គភាព ទីភ្នាក់ងារសារព័ត៌មានបរទេសនិងការិយាល័យតំណាង ១៨អង្គភាព ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ៣អង្គភាព ស្ថានីយវិទ្យុ FM រាជធានី-ខេត្ត ២៨០ស្ថានីយ វិទ្យុ AM ភ្នំពេញ ១អង្គភាព ទូរទស្សន៍ផ្សាយផ្ទាល់ ១៦ ស្ថានីយ ស្ថានីយផ្សាយបន្ត ១០១ស្ថានីយ ទូរទស្សន៍ឌីជីថល ១២ស្ថានីយ និងទូរទស្សន៍អនឡាញ ៩ស្ថានីយ ទូរទស្សន៍ខ្សែកាបរាជធានី-ខេត្ត ៤៦ស្ថានីយ ប្រព័ន្ធ OTT (Over The Top) ១២ស្ថានីយ និងប្រព័ន្ធ Satellite ចំនួន ៣។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន អ្នកសារព័ត៌មានដែលបានចុះឈ្មោះនិងមានបណ្ណសម្គាល់ សរុបចំនួន ៨ ០៦២ រូប ក្នុងនោះមានបណ្ណ អ្នកសារព័ត៌មានអន្តរជាតិចំនួន ១០២រូប។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានថ្លែងអំណរគុណនិង គាំទ្រទាំងស្រុងចំពោះសមិទ្ធផលដែលក្រសួងព័ត៌មានសម្រេចបាន និងលើកទឹកចិត្តឱ្យក្រសួងព័ត៌មានបន្ត ពង្រឹងនិងពង្រីកភាពជាដៃគូសហប្រតិបត្តិការជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិសំខាន់ៗ ដើម្បីលើកកម្ពស់ការ ផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក ក៏ដូចជាការពង្រឹងការកសាងឯកសារឌីជីថលនិង ការតភ្ជាប់មជ្ឈមណ្ឌលថែរក្សាព័ត៌មាន៕
ដោយ៖ ប៊ុនរិទ្ធ





