ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងសារព័ត៌មានវិជ្ជាជីវៈ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ពាក់ព័ន្ធស្ថានភាពព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានវិជ្ជាជីវៈ គឺជាតួអង្គយ៉ាងសំខាន់នៅក្នុងការផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ពាក់ព័ន្ធស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ។

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសជួបប្រជុំជាមួយអ្នកបង្កើតមាតិកា ដែលជាអ្នកផ្សព្វផ្សាយដ៏មានឥទ្ធិពល និងមានអ្នកគាំទ្រទស្សនាច្រើននៅក្នុងបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលកំពុងមានបញ្ហារឿងព្រំដែនរវាង កម្ពុជា-ថៃ គឺអ្នកសារព័ត៌មានអាជីព មានវិជ្ជាជីវៈត្រឹមត្រូវ អ្នកផលិតមាតិកា រួមទាំងអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញទំនាក់ទំនងសង្គម ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានណាដែលជាការពិត មានប្រភពច្បាស់ការក្នុងនោះត្រូវដកស្រង់ពីប្រភពព័ត៌មានសំខាន់ៗចំនួន ៣ ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ទៀតថា៖ «យើងជាអ្នកសារព័ត៌មាន ជាអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីរួមគ្នាលើកតម្កើងពីតម្លៃនៃសន្តិភាព ដែលកំពុងមានក្នុងពេលច្ចុប្បន្ននេះ ព្រោះសន្តិភាពបានបង្កើតឱកាសគ្រប់បែបយ៉ាងដើម្បីយើងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចម្រើន»។
ឯកឧត្តម រដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ការផ្សព្វផ្សាយព័ត៌មាន មិនមានប្រភពច្បាស់លាស់ ឬក៏យកប្រភពព័ត៌មានពីប្រទសេសជិតខាងដែលកំពុងតែមានបញ្ហាជាមួយកម្ពុជា ច្បាស់ណាស់នឹងធ្វើប្រជាពលរដ្ឋមានការយល់ច្រឡំ ពីស្ថានភាពជាក់ស្តែងជុំវិញបញ្ហាព្រំដែន។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនដែលមានឥទ្ធិពលក្នុងបណ្តាញសង្គម ត្រូវប្រកាន់នូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺគោលការណ៍សន្តិសហវិជ្ជមាន មានន័យថាការរស់នៅដោយ សុខដុមនីយកម្មជាមួយគ្នា ខណៈសន្តិភាព ជាចំណុចសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានរម្លឹកសារជាថ្មីថា អ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញទំនាក់ទំនងសង្គម កុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលពេកនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ ។ ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិតក្នុងការបង្កអសន្តិសុខ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ ទន្ទឹមនេះ សូមកុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការ រើសអើងលើ ជាតិ សាសាសន៍។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមថា សូមឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងដោយសន្តិវិធីប្រកបដោយភាពម៉ឺងម៉ាត់។ ឯកឧត្ដមរដ្ឋមន្រ្ដីអះអាងថា៖«ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជាសសង្គ្រាមជាយថាហេតុ, កម្ពុជាប្រកាន់ជំហរយក«បញ្ហាព្រំដែន» នៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ដើម្បីធានាបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ និងមានដំណោះស្រាយជាស្ថាពរ»៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





