ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាឡង់បូមសម្រួលចរន្តទឹក សម្រាប់បម្រើឱ្យកិច្ចអន្តរាគមន៍ការងារជលសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥--
នៅបរិវេណមាត់ទន្លេនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ (ចាក់អង្រែ) ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាឡង់បូមសម្រួលចរន្តទឹក ដោយមានសមាសភាពចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងធនធានទឹក និងឧតុនិយម ជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម។ ក្រៅពីម៉ាស៊ីនបូមទឹកសម្រាប់កិច្ចអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវ សាឡង់បូមសម្រួលចរន្តទឹកនេះគឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើឱ្យកិច្ចអន្តរាគមន៍ការងារជលសាស្ត្រ ដើម្បីជួយសម្រួលចរន្តទឹកហូរ ដែលជាវិធានការមួយដ៏ចាំបាច់របស់ក្រសួង នៅក្នុងការកាត់បន្ថយឱ្យបានជាអតិបរមានូវការហូរច្រោះ និងការបាក់ដីច្រាំងទន្លេឬស្ទឹង ដែលបានបង្កការខូចខាតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ធ្វើយ៉ាងណាប្រើប្រាស់សាឡង់បូមសម្រួលចរន្តទឹកឱ្យបានចំទិសដៅ ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងប្រសិទ្ធភាពការងារ លើសពីនេះត្រូវធ្វើការថែទាំជាប្រចាំ ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា សាឡង់បូមសម្រួលចរន្តទឹកនេះបាននាំចូលពីប្រទេសចិន តាមរយៈក្រុមហ៊ុន Shandong Haohai Dredging Equipemnt Co, Ltd. មានប្រវែងបណ្តោយ៤២,៨ ម៉ែត្រ និងទទឹង ៧,១ម៉ែត្រ មានលំហូរបូមអតិបរមា៥០០ម៉ែត្រគូបក្នុងមួយម៉ោង និងអាចបូមបានជម្រៅរហូតដល់១៤,៩ម៉ែត្រ មានសមត្ថភាពអាចបូមខ្សាច់ទន្លេ ឬដីភក់ក្នុងទន្លេមេគង្គ និងបឹងទន្លេសាប ដែលជាតំបន់មានដីភក់ច្រើន។ សាឡង់នេះបានបំពាក់ដោយម៉ាស៊ីន Cummins របស់អាមេរិកចំនួន២គ្រឿង ក្នុងនោះ ម៉ាស៊ីនទី១ មានកម្លាំង ៧៤៦ គីឡូវ៉ាត់ និងម៉ាស៊ីនទី២ មានកម្លាំង ២៦១គីឡូវ៉ាត់ ដែលមានបំពង់បូមប្រវែងសរុប៥២៥ម៉ែត្រ ជាមួយអង្កត់ផ្ចិតខាងក្នុង៤៥០មីលីម៉ែត្រ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក)





