ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាគ្រោងនឹងបញ្ចប់ការជួសជុលនៅដំណាច់ខែកក្កដាខាងមុខនេះ
AKP សៀមរាប ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥--
ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ដែលបានចាប់ផ្ដើមដំណើរការជួសជុលតាំងពីពាក់កណ្ដាលខែឧសភាឆ្នាំ២០២៤មកនោះ រហូតមកដល់បច្ចុប្បន្ននេះ លទ្ធផលសម្រេចបាន៩០ភាគរយហើយ ហើយគេគ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

លោកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលានេះស្ថិតនៅក្រោមមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង។ ហើយកាលពីមិនទាន់ជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយខ្លួននាគបានរលុះធ្លាក់អស់ ផ្នែកខ្លះនៃគ្រឹះស្ពានបានស្រុត និងមានឫសឈើដុះចាក់ចូលបង្កឱ្យរងការខូចខាត។ បន្ថែមលើនេះ ដោយសារតែកត្តាអាយុកាលនៃសំណង់ ព្រមទាំងកត្តាធម្មជាតិបានធ្វើឱ្យរចនាសម្ព័ន្ធស្ពានហាលនេះមានសភាពទ្រុឌទ្រោមខ្លាំង។

អ្នកស្រី បឿត សុប៉ាក បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលានេះដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ អ្នកស្រី បឿត សុប៉ាក បានរៀបរាប់អំពីដំណើរការជួសជុលស្ពានហាលនេះថា ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ហើយដែរ ដែលបច្ចុប្បន្ននៅសេសសល់តែការងារខ្លះៗ ដូចជាពង្រឹងគ្រឹះនៅផ្នែកខាងកើត ដំឡើងក្បាលនាគ១ទៀត និងកម្រាលនៅផ្នែកគល់ស្ពានខាងកើតប៉ុណ្ណោះ។

គេរំពឹងទុកថា ក្រោយពីបញ្ចប់ការងារជួសជុល ស្ពានហាលនេះនឹងមានសភាពរឹងមាំសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ហើយបច្ចុប្បន្នស្ពានហាលនេះ ក៏មានភ្ញៀវទេសចរបានទៅទស្សនាបណ្តើរៗហើយដែរ ដោយសារតែគេបានបើកឱ្យអ្នកទេសចរបានឆ្លងកាត់ទីនោះ៕
ដោយ ហង្ស សៀក





