រដ្ឋបាលខេត្តកំពង់ស្ពឺទទួលអំណោយមនុស្សធម៌ផ្នែកវេជ្ជសាស្រ្ត និងសម្ភារប្រើប្រាស់ចាំបាច់ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ
AKP កំពង់ស្ពឺ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននាំយកអំណោយមនុស្សធម៌ផ្នែកវេជ្ជសាស្រ្ត និងសម្ភារប្រើប្រាស់ចាំបាច់ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ថា អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះរួមមាន សម្ភារវេជ្ជសាស្រ្ត ឱសថពេទ្យ បរិក្ខារពេទ្យ ព្រមទាំងអំណោយមនុស្សធម៌ផ្សេងទៀត និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែគិតគូពីសុខទុក្ខរបស់ប្រជាជនយើង និងមានការសណ្តោសប្រណី និងចាត់មន្ត្រីចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់មូលដ្ឋានយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋទូទៅ ជាពិសេសលើប្រពលរដ្ឋក្រីក្រលំបាក មានជំងឺធ្ងន់ធ្ងរ និងខ្វះលទ្ធភាពក្នុងការទទួលសេវាព្យាបាលជាដើម។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សម្តែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្តៅ និងសូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា តាមរយៈការសម្របសម្រួលរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ដែលបាននាំយកនូវអំណោយ មនុស្សធម៌ ដែលបម្រើឱ្យផ្នែកសុខាភិបាល និងអប់រំ ដ៏មានសារៈសំខាន់ និងចាំបាច់នាឱកាសនេះ ក្នុងការជួយដោះស្រាយបញ្ហាខ្វះខាតក្នុងវិស័យសុខាភិបាល ប្រព័ន្ធវេជ្ជសាស្ត្រ និងការអប់រំ នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ៕
ដោយ លឹម សាន្ត





