លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ គ្រឿងអដ្ឋបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេន ព្រះសង្ឃគង់នៅវត្តកែវសិក្ខាគិរីស្វារៈ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥--
អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ គ្រឿងអដ្ឋបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេនដល់ព្រះសង្ឃគង់នៅ វត្តកែវសិក្ខាគិរីស្វារៈ (ហៅវត្តប្រាសាទព្រះវិហារ) ដើម្បីផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដែលគង់នៅក្នុងវត្ត ព្រមទាំងរថយន្ត ១គ្រឿង សម្រាប់ព្រះសង្ឃនិមន្តទេសនា ប្រោះព្រំដល់កងទ័ព ប្រជាជន ឬទីកន្លែងនានា និងបម្រើកិច្ចការងារផ្សេងៗនៅក្នុងវត្ត។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជា ថ្វាយព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដរាបរៀងមក។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតក៏បានវេរប្រគេននូវទេយ្យវត្ថុមួយចំនួនធំជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់វត្តកែវសិក្ខាគិរីស្វារៈ មានដូចជា៖ អង្ករ ១តោន, មី ២០កេស, ត្រីខ ៥កេស, ត្រីងៀត ១កន្ត្រក (ស្មើនឹង ១០គីឡូក្រាម), សាច់ក្រក ២កន្ត្រក (ស្មើនឹង ១០គីឡូក្រាម), ផ្លែប៉ោម ១កេស, ផ្លែទំពាំងបាយជូ ១កេស, ផ្លែក្រូចឃ្វិច ២កេស, ទឹកសុទ្ធ ២០កេស, ទឹកក្រូច ១០កេស, ទឹកផ្លែឈើ ១០កេស, មៀនកំប៉ុង ៥កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, ស្ករសរ ១បាវ (ស្មើនឹង ២៥គីឡូក្រាម), តែក្ងោក ១ដុំ (ស្មើនឹង ៥០០ក្រាម), ទឹកស៊ីអ៊ីវ ២០យួរ, រថយន្តភីកអាប់ Ford Ranger ១ គ្រឿង និងបច្ច័យ ២០.០០០.០០០រៀល។ ប្រគេនព្រះចៅអធិការវត្ត នូវ សាដក ១ និងបច្ច័យ ២លានរៀល។ ប្រគេនព្រះសង្ឃ ៥អង្គ ក្នុង១អង្គៗ នូវ សាដក ១ និងបច្ច័យ ១លានរៀល។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ក៏បានជូនឃីត (សារុង ក្រមា មុង ភួយ) និងថវិកាមួយចំនួនដល់លោកតាអាចារ្យ និងតាជី-យាយជី ដែលជាសីលវន្ត រួមទាំងពុទ្ធបរិស័ទជាច្រើនផងដែរ។

លោកជំទាវបណ្ឌិត បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានប្រគេនពរដល់ព្រះសង្ឃ គ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អបរិបូរណ៍ ដើម្បីបន្តទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យគង់វង្សតរៀងទៅ។

ទន្ទឹមនឹងនោះ ព្រះគ្រូចៅអធិការវត្ត បានសម្ដែងនូវព្រះទ័យសោមនស្ស និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





