រយៈពេល១សប្តាហ៍ដើមខែមិថុនា ក្មេងទំនើងជាង៤០នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥--
ក្នុងសប្តាហ៍ទី១ ពោលក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តបង្រ្កាបក្រុមក្មេងទំនើងជាង១០ករណីដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៤០នាក់ទៅពន្ធនាគារ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក។

លោក ទូច សុឃៈ បានលើកឡើងថា លទ្ធផលនៃការបង្ក្រាបក្មេងទំនើងនេះគឺជាការបង្ហាញច្បាស់ថា បញ្ហានេះនៅតែជាកិច្ចការអាទិភាពមួយដែលកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យបានសកម្មប្រកបដោយប្រសិទ្ធភាព និងម៉ឺងម៉ាត់បំផុត។ បញ្ហានេះក៏មិនអាចដាក់បន្ទុកតែលើកម្លាំងមានសមត្ថកិច្ច ឬអាជ្ញាធរនោះដែរ ពោលគឺអាណាព្យាបាល ឪពុកម្ដាយត្រូវតែបន្តយកចិត្តទុកដាក់អប់រំ ប្រៀនប្រដៅកូនចៅរបស់ខ្លួនឱ្យដើរតាមគន្លងធម៌ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ រួមទាំងការចៀសឆ្ងាយពីគ្រឿងញៀន និងការដើរលេងជាក្រុម ជាបក្ខ ជាពួកនៅពេលយប់។
ជាថ្មីម្ដងទៀតអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានព្រមានថា កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ចាប់ពីអគ្គស្នងការ រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នឹងបន្តបង្ក្រាបក្មេងទំនើងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងឈានដល់ការឃុំក្នុងពន្ធនាគារដោយគ្មានការលើកលែង ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការទទួលដឹកនាំអនុវត្តដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានជាង៤០នាក់ ក្នុងរយៈពេល៨ថ្ងៃនាដើមសប្តាហ៍ថ្មីនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង កោះកុង និងខេត្តតាកែវ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





