សម្តេចតេជោប្រធានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតរំលែកមរណទុក្ខ សម្ដេចតេជោបានគូសបញ្ជាក់ថា មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រហូតដល់បច្ឆិមវ័យ រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម បានបន្សល់ទុកនូវស្នាដៃជាច្រើននៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ដ៏ច្រើននីតិកាលនៃរដ្ឋសភា និងព្រឹទ្ធសភា ក្នុងវិស័យអប់រំ សិក្សាធិការ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងសារលិខិតក៏បានគូសបញ្ជាក់បន្ថែមថា៖ «យើងខ្ញុំសូមចងចាំនូវគំរូវីរភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ អាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារ នៃ សព»។

គួរបញ្ជាក់ដែរថា សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះលេខ ៨៩១ ផ្លូវលេខ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ៕

ដោយ៖ ជឹម ណារី





