ផ្កាត្របែកព្រៃជាង១ពាន់ដើមដែលខូចដោយកណ្ដៀរស៊ីត្រូវបានដាំជួសឡើងវិញ
AKP បាត់ដំបង ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥-- ក្រោយពីមានការណែនាំពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង មន្ត្រីជំនាញ បានធ្វើការគាស់រំលើងដើមផ្កាត្របែកព្រៃដែលងាប់នៅកណ្ដាលទ្រូងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៥ ដោយប្រើថ្នាំដាក់បង្កប់ក្រាលពីក្រោមដីដើម្បីជួសដើមថ្មីឡើងវិញ។ ឥឡូវដើមផ្កាត្របែកព្រៃ បានលាស់ចេញផ្កាយ៉ាងស្រស់បំព្រងឡើងវិញហើយ។

ចាប់តាំងពីដើមឆ្នាំ២០២៥មក ដើមផ្កាត្របែកព្រៃតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រូវបានធ្លាក់បន្ទុកមកលើមន្ទីរសាធារណការ ក្នុងការថែរក្សាជំនួសក្រុមហ៊ុន។ នៅក្នុងដំណាក់កាលដែលមន្ទីរចាប់ផ្ដើមទទួលខុសត្រូវ គឺដើមផ្កាត្របែកព្រៃចាប់ពីទឹកដីស្រុកសង្កែរហូតដល់ស្រុកមោងឫស្សីត្រង់ចំណុចព្រំប្រទល់ស្វាយដូនកែវខេត្តពោធិ៍សាត់ គឺដើមផ្កាងាប់ជាង១.០០០ ដើម ដែលតម្រូវឱ្យមន្ទីរធ្វើការជួសជុលឡើងវិញជាញឹកញាប់ដើម្បីសោភ័ណភាព។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរ បានបញ្ជាក់ទៅកម្លាំងជំនាញឱ្យធ្វើការគាស់រំលើងដើមដែលងាប់នោះចេញហើយប្រើថ្នាំដាក់ទ្រាប់នៅបាតក្រោមដីដើម្បីការពារសត្វកណ្ដៀរដែលស៊ីគល់ឈើនោះទើបដាក់ដាំដើមថ្មីឡើងវិញ ដោយការងារនេះគឺជាការសាកល្បងជំហានដំបូងដោយលោកគិតថាអាចទទួលបានជោគជ័យ។ ម្យ៉ាងវិញទៀតលោកបានដាក់កម្លាំងឱ្យចុះតាមដាន និងថែទាំជាប់ជាប្រចាំទៅលើដើមផ្កាត្របែកព្រៃទាំងនេះចៀសវាងការងាប់ដោយខ្វះការប្រុងប្រយ័ត្ន។

បើតាមលោកប្រធានមន្ទីរបានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលពិនិត្យមើលការលូតលាស់របស់ផ្កាត្របែកព្រៃនោះថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីមានការជួសដើមថ្មី និងប្រើថ្នាំការពារសត្វកណ្ដៀរនៅក្រោមគល់រួចមក បច្ចុប្បន្នគេសង្កេតឃើញថាដើមផ្កាត្របែកព្រៃ ពេលត្រូវភ្លៀងធ្លាក់គឺកំពុងលូតលាស់ និងចេញផ្កាយ៉ាងស្រស់បំព្រងនៅកណ្ដាលទ្រូងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលមើលទៅពិតជាស្រស់ស្អាតហើយដើមរាប់ពាន់នោះក៏បានរស់យ៉ាងល្អផងដែរ និងបានបង្កើតជាសោភ័ណភាពយ៉ាងស្រស់បំព្រង។ ដោយសារផ្កាត្របែកព្រៃពណ៌ស្វាយស្រស់ បានធ្វើឱ្យមានការទាក់ទាញក្រសែភ្នែកអ្នកធ្វើដំណើរតាមដងផ្លូវឱ្យគយគន់ជាពិសេសសម្រាប់អ្នកទេសចរដែលចូលទៅកម្សាន្តនៅលើទឹកដីខេត្តបាត់ដំបង៕
ដោយ សុផល





