ខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនៅខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥-- ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ (ប្រទេសកម្ពុជា) នៅទីក្រុងណានជីង (ខេត្តជាំងស៊ូ) កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ឺ ឃុនលីន (XU KUNLIN) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត នៅលើទឹកដីនៃខេត្តជាំងស៊ូ ព្រមទាំងបានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តជាំងស៊ូ ដែលជាខេត្តមួយដែលមានការអភិវឌ្ឍខ្លាំងលើវិស័យឧស្សាហកម្ម ការផលិត និងបច្ចេកវិទ្យាជាដើម។

ក្នុងជំនួបភាគីទាំងពីរក៏បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ គិតមកដល់ឆ្នាំនេះ មានរយៈពេល៦៧ឆ្នាំ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមក។ ហើយទំនាក់ទំនងនេះជាទំនាក់ទំនង (មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ) ទន្ទឹមនឹងភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។ ភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយគ្នាឱ្យកាន់តែល្អបន្ថែមទៀត។ ខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុង បងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ រួមមានខេត្តជាំងស៊ូ និងក្រុងអ៊ូស៊ីផងដែរ។

ឯកឧត្តមអភិបាលខេត្តបានជម្រាបជូននូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តម ស៊ឺ ឃុនលីន និងថ្នាក់ដឹកនាំខេត្តជាំងស៊ូផងដែរ។ បន្ថែមពីលើនេះទៀត ដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការខេត្តទាំងពីរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការសំណូមពរដល់ឯកឧត្តមអភិបាលខេត្តជាំងស៊ូ ដូចជា៖ ១- ជំរុញអ្នកវិនិយោគខេត្តជាំងស៊ូ ឱ្យសម្រេចចិត្តទៅបណ្តាក់ទុនវិនិយោគកាន់តែច្រើនថែមទៀតនៅខេត្តព្រះសីហនុ។ ២- បង្កើនចំនួនជើងហោះហើរត្រង់ពីខេត្តជាំងស៊ូ-ក្រុងវូស៊ីទៅកាន់ខេត្តព្រះសីហនុ ឬមកខេត្តជាំងស៊ូវិញ ដើម្បីផ្តល់ឱកាសដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត ឬទៅបំពេញធុរកិច្ចនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។ ៣- ស្នើសុំជួយសាងសង់អគារសិក្សាចំនួន ១ខ្នង មានកម្ពស់ ៣ជាន់ ស្មើ ១៨បន្ទប់ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋាន និងកូនចៅបងប្អូនកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ៤- ស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតនៅខេត្តព្រះសីហនុ បានមកបន្តការសិក្សា នៅខេត្តជាំងស៊ូ។

ជាការឆ្លើយតប ឯកឧត្តម ស៊ឺ ឃុនលីន អភិបាលខេត្តជាំងស៊ូ បានទទួលយកសំណើទាំង០៤ចំណុចរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងបានបញ្ជាក់ថា ឯកឧត្តមក៏បានធ្វើការណែនាំដល់មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំគណៈប្រតិភូអ្នកវិនិយោគចិនចំនួន៥០ក្រុមហ៊ុន ទៅធ្វើទស្សនកិច្ចសិក្សាស្វែង យល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ៕

ដោយ ងូ សុមុនី





