ឯកឧត្តម ម៉ាង ស៊ីណេត ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាកំពុងសិក្សានៅទីក្រុងណានជីង
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលបាន និងកំពុងបន្តការសិក្សានៅទីក្រុងណានជីង ខេត្តជាំងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិន កាលពី រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះប្អូនៗនិស្សិតកម្ពុជា ដែលបាន និងកំពុងសិក្សា និងស្នាក់នៅទីក្រុងណានជីង ខេត្តជាំងស៊ូ ត្រូវខិតខំសិក្សាឧស្សាហ៍រៀនសូត្រក្រេបយកចំណេះដឹង ចំណេះធ្វើជូនក្រុមគ្រួសារ ជាពិសេសជូនជាតិ បម្រើប្រទេសជាតិ ព្រោះក្មួយៗជានិស្សិតទាំងអស់ ជាទំពាំងស្នងឫស្សីក្នុងការចូលរួមចំណែកដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់ប្អូនៗនិស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក៏ដូចជាថែរក្សាសុខភាពឱ្យបានល្អ ព្រោះការខិតខំប្រឹងប្រែងរៀនសូត្រវានឹងទទួលបានជោគជ័យក្នុងការសិក្សារបស់ក្មួយនៅពេលខាងមុខជាក់ជាមិនខាន ក្មួយត្រូវធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ៕


ដោយ ងូ សុមុនី





