ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចត្រៀមរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្កុជានៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥-- ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា និងការិយាល័យស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧-២១ មិថុនា ឆ្នាំ ២០២៥) នៅខេត្តកំពង់ធំនាពេលដ៏ខ្លីខាងមុខនេះ នៅភូមិថ្មី ទីតាំងដីសម្បទានសង្គមកិច្ចរបស់បងប្អូនអតីតយុទ្ធជនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោងតាមសារាចរណែនាំលេខ១៨ស.រ របស់រាជរដ្ឋាភិបាលស្តីពីការរៀបចំទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៨ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ និងការណែនាំជាក់ស្ដែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា។ ខេត្តកំពង់ធំនឹងរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ នាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរដែនដី និងអតីតយុទ្ធជនប្រមាណជិត៣០០នាក់ ដោយមានការរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ធំផងដែរ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបណ្តាការិយាល័យ ស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួនដែលបានបែងចែកជូន ដើម្បីឱ្យដំណើរការនៃការរៀបចំពិធីនេះទទួលបានជោគជ័យ និងប្រកបដោយកិត្តិយសដែលជាការដឹងគុណដល់វីរភាពរបស់កម្មាភិបាលយុទ្ធជនយើងដែលលះបង់សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការ និងពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជានាពេលកន្លងទៅ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





