លោក កែ សួន សុភាព បានចុះសំណេះសំណាល និងឧបត្ថម្ភដល់ប្រជាការពារ និងគម្រោងសាងសង់នៅស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥--លោក កែ សួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តយ៉ាងកក់ក្ដៅដល់ក្រុមប្រជាការពារនៅឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះកម្លាំងស្នូលក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន។

ក្នុងឱកាសនោះ លោក កែ សួន សុភាព បាននាំយកនូវថវិកា វិទ្យុទាក់ទង និងឯកសណ្ឋានមួយចំនួនឧបត្ថម្ភជូនដល់បងប្អូនប្រជាការពារ ដើម្បីជាការលើកទឹកចិត្ត និងសម្រួលដល់ការបំពេញភារកិច្ចរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព។ ការឧបត្ថម្ភនេះត្រូវបានគេមើលឃើញថានឹងជួយពង្រឹងសមត្ថភាព និងភាពម្ចាស់ការរបស់ប្រជាការពារក្នុងការចូលរួមកិច្ចការសង្គម និងការការពារភូមិឃុំឱ្យកាន់តែមានសុវត្ថិភាព។
បន្ទាប់ពីជំនួបសំណេះសំណាលជាមួយប្រជាការពារ លោកអភិបាលរងក៏បានបន្តឧបត្ថម្ភថវិកាចំនួន៤,០០០,០០០រៀល (បួនលានរៀល) សម្រាប់គាំទ្រដំណើរការសាងសង់ខ្លោងទ្វារមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក។ ការរួមចំណែកនេះនឹងជួយជំរុញឱ្យការសាងសង់ខ្លោងទ្វារមណ្ឌលសុខភាពដ៏សំខាន់នេះ អាចសម្រេចបានឆាប់រហ័ស ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខភាពកាន់តែងាយស្រួល និងប្រកបដោយផាសុកភាព។

លោក អែម សុខា អភិបាលស្រុកថ្មពួកតំណាងឱ្យរដ្ឋបាលស្រុកថ្មពួក រួមមានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការ ក៏ដូចជាជួសមុខឱ្យបងប្អូនប្រជាការពារ និងប្រជាពលរដ្ឋទូទាំងស្រុកថ្មពួក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក កែ សួន សុភាព និងក្រុមគ្រួសារ ចំពោះកាយវិការសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍមូលដ្ឋាន។ ពួកគាត់បានគោរពជូនពរលោកអភិបាលរង និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន កម្លាំងមាំមួន និងជោគជ័យរាល់ភារកិច្ចក្នុងការចូលរួមដឹកនាំអភិវឌ្ឍសង្គមជាតិ ក៏ដូចជាដឹកនាំអភិវឌ្ឍមូលដ្ឋានស្រុកថ្មពួក ឱ្យកាន់តែរីកចម្រើនប្រែប្រួលឈានឡើងប្រសើរថែមទៀត។
សកម្មភាពចុះមូលដ្ឋានរបស់លោក កែ សួន សុភាព បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពង្រឹងសន្តិសុខ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ជាពិសេសនៅតំបន់ដាច់ស្រយាលដូចជាស្រុកថ្មពួកនេះ៕
ដោយ ឈុន សារ៉ាត





