មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “Global Digital Forum” នៅសហព័ន្ធរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “Global Digital Forum” នៅសហព័ន្ធរុស្ស៊ីដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងស្ថាប័នរដ្ឋាភិបាល អ្នកជំនាញបច្ចេកវិទ្យាឌីជីថល អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សា សហគមន៍វិទ្យាសាស្ត្រមកពីប្រទេសជាច្រើនជុំវិញពិភពលោក ដែលកម្មវិធី “Global Digital Forum”ធ្វើឡើងនៅចុងសប្តាហ៍ កន្លងទៅនេះ ។

ប្រភពពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងនៅថ្ងទី៨ ខែមិថុនា ឆ្នាំ២០២៥ថា វេទិកានេះរៀបចំឡើងដោយក្រសួងអភិវឌ្ឍន៍ឌីជីថល គមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី។ វេទិកានេះគឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយដែលជួយជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការជាសកល ដោយមានការចូលរួមពីអ្នកជំនាញព័ត៌មានវិទ្យា (IT) ជាង ២ ៨០០នាក់ អ្នកតំណាងមកពី ១១៤ ឪប្រទេស ក្រុមហ៊ុនចូលរួមចំនួន ១៧០ និងមានការតាំងពិព័រណ៍ផងដែរ។ វាគ្មិនកិត្តិយស និងភ្ញៀវកិត្តិយសរួមមានរដ្ឋមន្ត្រីរដ្ឋាភិបាល តំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញឌីជីថលដ៏ល្បីល្បាញមកពីទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ី និងអាមេរិក។

ព្រឹត្តិការណ៍នេះគឺជាវេទិកាសម្រាប់ការពិភាក្សាដោយអ្នកជំនាញមកពីប្រទេសផ្សេងៗទៅលើទិដ្ឋភាពសកលនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល គំនិតផ្តួចផ្តើម និងសំណើថ្មី ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនាធុរកិច្ចក្នុងវិស័យឌីជីថល។

នៅក្នុងវេទិកានេះ ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានចូលរួមធ្វើជាវាគ្មិននៅក្នុងកិច្ចពិភាក្សាលើប្រធានបទ “Safeguarding International Information Security in the Pursuit of the UN Sustainable Development Goals 2030"។ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកទៅកាន់វេទិកាទាំងមូលអំពីឧត្តមានុវត្តន៍របស់កម្ពុជាពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពេលបច្ចុប្បន្ន ដែលក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្រុមប្រឹក្សាជាតិនេះ មានគណៈកម្មាធិការ ៣ រួមមាន “គណៈកម្មាធិការសេដ្ឋកិច្ចឌីជីថល និង ធុរកិច្ចឌីជីថល” “គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” និង “គណៈកម្មាធិការសន្តិសុខឌីជីថល” ជាសេនាធិការទទួលបន្ទុកការងារជំនាញ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Bella Cherkesova អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល គមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងទាំងពីរ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក្រសួងបានលើកឡើងពីលទ្ធភាពនៅក្នុងការជួយគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអភិវឌ្ឍវិស័យដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួង ដូចជា វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសផ្តោតសំខាន់ទៅលើការកសាងសមត្ថភាពមន្ត្រីផ្នែកបញ្ញាសិប្បនិម្មិតផងដែរ ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





