ឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ដឹកនាំក្រុមបាល់ទាត់បេះដូងប្រជាជនចុះចែកអំណោយជូនដល់សិស្សក្រីក្រ និងកំព្រានៅសាលាបឋមសិក្សាខ្សាច់ជីរស់ និងអនុវិទ្យាល័យកំពង់គោ
AKP កំពង់ធំ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥-- លោក ឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមបាល់បេះដូងប្រជាជន បានដឹកនាំក្រុមបាល់ទាត់បេះដូងប្រជាជននាំយកអំណោយចែកជូនសិស្សក្រីក្រ និងកំព្រានៅសាលាបឋមសិក្សាខ្សាច់ជីរស់ និងអនុវិទ្យាល័យកំពង់គោ ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រធានយុវជនខេត្តកំពង់ធំ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាព និងបងប្អូនពូមីងដែលជាអ្នកមានសណ្តានចិត្តសប្បុរសជួយដល់ក្មេងកំព្រាសិស្សក្រីក្រតាមទីជនបទក្នុងខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ បានថ្លែងអំណរអរគុណដល់ឯកឧត្តមប្រធានយុវជនខេត្តកំពង់ធំ លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងសប្បុរសជនក្នុង និងក្រៅខេត្ត ជាពិសេសលោកនាយក នាយករងសាលាបឋម និងអនុវិទ្យាល័យក្នុងខេត្តកំពង់ធំ ដែលបានចូលរួមសហការគាំទ្រទាំងសម្ភារ និងស្មារតីដើម្បីឱ្យក្រុមបាល់ទាត់បេះដូងប្រជាជនមានលទ្ធភាពធ្វើការងារមនុស្សធម៌ផ្សេងៗ ជាក់ស្តែងដូចនៅថ្ងៃនេះជាដើម។

លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ក៏បានផ្តល់ដំបូន្មានសូមឱ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ត្រង់ត្រាប់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់ ជាពិសេសកុំអស់សង្ឃឹមក្នុងជីវិត ខិតខំក្រេបជញ្ចក់ចំណេះដឹងដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត និងជឿជាក់ថា នៅថ្ងៃអនាគត ក្មួយៗអាចជួយអភិវឌ្ឍដល់ស្រុកភូមិរបស់ក្មួយឱ្យរីកចម្រើន និងសូមឱ្យក្មួយៗលេងកីឡា ដើម្បីសុខភាព និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ក្រុមបាល់ទាត់បេះដូងប្រជាជនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងខេត្តកំពង់ធំ ចុះធ្វើសប្បុរសធម៌ ចែកអំណោយ ជូនដល់សិស្សក្រីក្រ និងកំព្រាចំនួន១៦១នាក់ ដោយក្នុងម្នាក់ទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម ស៊ីមី១ ថវិកា៥០០០រៀល ព្រមទាំងភេសជ្ជៈ និងនំប៉័ងបាក់យ៉ុងទឹកសុទ្ធផងដែរ៕

ដោយ ស៊ុម វណ្ណា





