អង្គការ Fauna & Flora សហការជាមួយ ReMade in Cambodia រៀបចំទិវាបុណ្យសមុទ្រពិភពលោក នៅកោះស្តេច
AKP ភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥--អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា Fauna & Flora សហការជាមួយ ReMade in Cambodia បានរៀបចំទិវាបុណ្យសមុទ្រពិភពលោកដែលបានប្រារព្ធឡើងនៅកោះស្តេច ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ស៊ុយ សិរីវឌ្ឍ អនុប្រធានរដ្ឋបាលជលផល និងដោយមានការអញ្ជើញចូលរួមពីសមាសភាពថ្នាក់ជាតិរួមមានតំណាងមកពី រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ រដ្ធបាលថ្នាក់ក្រោមជាតិ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរក្នុងតំបន់ អង្គការដៃគូ សហគមន៍មូលដ្ឋាន និងសិស្សានុសិស្ស។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សនៅកោះស្តេច ជុំវិញវិបត្តិទាំងបីលើភពផែនដី រួមមានការប្រែប្រួលអាកាសធាតុ ការបំពុល និងការបាត់បង់ជីវៈចម្រុះ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលអំពីសារៈសំខាន់ និងតួនាទីរបស់ជីវៈចម្រុះក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ព្រមទាំងកត្តាគំរាមកំហែង ក៏ដូចជាយុទ្ធសាស្ត្រក្នុងការកាត់បន្ថយបញ្ហា និងការការពារធនធានដ៏មានតម្លៃទាំងនេះ។ អង្គការ Fauna & Flora ក៏បានរៀបចំសកម្មភាពរួមគ្នាជាមួយ Remade in Cambodia ក្នុងការដាក់បង្ហាញនូវផលិតផលកែច្នៃរបស់សហគមន៍ដោយផ្តោតលើការការកែច្នៃឡើងវិញពីឧបករណ៍នេសាទ (សំណាញ់) ដែលប្រើប្រាស់លែងបានទៅជាសម្ភារ:ដែលអាចប្រើប្រាស់ និងលក់បាន។

អង្គការ Fauna & Flora សង្ឃឹមយ៉ាងមុតមាំថាសកម្មភាពថ្ងៃនេះនឹងចូលរួមលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស ប្រជានេសាទ និងអ្នកផ្តល់សេវាទេសចរណ៍ អំពីសារៈសំខាន់នៃការការពារ និងការប្រើប្រាស់ធនធានធម្មជាតិនៅក្នុងតំបន់ប្រកបដោយការទទួលខុសត្រូវខ្ពស់ផ្អែកតាមស្ថានភាពធនធាន និងក្របខណ្ឌច្បាប់ក្នុងន័យចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងការបង្កើនភាពធន់នៃធនធានសមុទ្រដ៏វិសុទ្ធរបស់ប្រទេសកម្ពុជា ៕



ដោយ៖ ណយ នឿន (ប្រភព៖Fauna & Flora )





