ឯកឧត្តមសាស្ត្រាចារ្យ ជា ចំរើន៖អ្នកសារព័ត៌មានត្រូវពង្រឹងគុណភាព ព័ត៌មានត្រឹមត្រូវ និងអាចទទួលយកបាន
AKPភ្នំពេញ ថ្ងៃទី៩ខែ មិថុនា ឆ្នាំ ២០២៥--ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ជាតំណាងសាកលវិទ្យាល័យពោធិសាស្ត្រាផ្ល័រីដាសហរដ្ឋអាមេរិក និង ជាប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និង អភិវឌ្ឍន៍បានថ្លែងថានៅចំពោះមុខនេះអ្នកសារព័ត៌មានកម្ពុជា ត្រូវតែមានការផ្លាស់ប្តូរ ដែលប្រកបដោយភាពទទួលខុសត្រូវ ព័ត៌មានត្រឹមត្រូវ មិនក្លែងក្លាយ ប្រកបដោយគុណភាព និង ទទួលយកបានគ្រប់គ្នា។

គួរបញ្ជាក់ថាការថ្លែងពីសំណាក់ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់ជ័យលាភជាឥស្សរៈជនឆ្នើមនាសណ្ឋានគារសាន់វេ នារសៀលថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ ២០២៥។
ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ជា ចំរើនបានលើកឡើ់ងថា”ក្នុងនាមខ្ញុំជាប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និង អភិវឌ្ឍន៍ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាព និង ការអភិវឌ្ឍន៍ឲ្យមានភាពរឹងមាំ និង រីកចំរើនជានិរន្តរ៍។ ជាពិសេសលើកស្ទួយនីតិរដ្ឋ និង អភិបាលកិច្ចល្អនៃសង្គមកម្ពុជា”។

ឯកឧត្តមបានថ្លែងដែរថា៖យើងត្រូវចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្ស និងអ្នកសារព័ត៌មានឲ្យមានសមត្ថភាព ទេពកោសល្យ និង សិលធ៌មវិជ្ជាជីវ: ក្នុងការចូលរួមកសាងសង្គមជាតិប្រកបដោយមិត្តភាព ភាតរភាព កិច្ចសហប្រតិបត្តិការល្អ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាដៃគូរក្នុងប្រទេស និង អន្តរជាតិព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាមួយគ្នានេះឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ជា ចំរើនបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ បានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយសាកលវិទ្យាល័យពោធិសាស្ត្រាផ្ល័រីដាសហរដ្ឋអាមេរិកក្នុងគោលបំណងរួមផ្សព្វផ្សាយព័ត៌មានអប់រំ និង អភិវឌ្ឍន៍ធនធានមនុស្ស នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ។ ក្នុងកិច្ចសហប្រតិបត្តិការរវាងសមាគមសហព័ន្ធអ្នកសារព័ត៌មាន និង សាកលវិទ្យាល័យពោធិសាស្ត្រាឈានដល់ការសិក្សា ស្រាវជ្រាវ វាយតម្លៃសកម្មភាព ស្នារដៃ និង គុណសម្បត្តិឆ្នើមជាជ័យលាភីបណ្ឌិតផ្នែកសេដ្ឋកិច្ច សង្គម អបរំ វប្បធម៌ និងអក្សរសាស្ត្រ៕

ដោយ៖មករា ,រូបភាព លោក ស៊ិន សារ៉េត





