ច្រកទាំង៥ព្រំប្រទល់ខេត្តបាត់ដំបងត្រូវបានភាគីថៃបិទជាឯកតោភាគី ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ ល្ងាច
AKPខេត្តបាត់ដំបង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥--ចាប់តាំងពីយប់ថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២៥មក ភាគីថៃនៅគ្រប់ច្រកទាំងអស់ដែលជាប់ខ្សែបន្ទាត់ព្រំដែនជាមួយខេត្តបាត់ដំបងបានជូនដំណឹងមកឲ្យភាគីកម្ពុជាថា គឺចាប់ពីថ្ងៃទី ៨ ខែមិថុនានេះតទៅ ភាគីថៃនឹងត្រូវបិទច្រកចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ ល្ងាច ដោយការបើកបិទនេះ គឺធ្វើឡើងសម្រាប់ច្រកតំបន់ និងច្រកអន្តរជាតិ ដោយឡែកសម្រាប់ច្រករបៀងត្រូវបានភាគីថៃទាញបន្លាលួសបិទទាំងស្រុង។

ច្រកទាំង ៥ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនខេត្តបាត់ដំបងជាប់ប្រទេសថៃ គឺមានច្រកអន្តរជាតិចំនួន ២ និងច្រកតំបន់ចំនួន៣ ដែលក្នុងនោះគឺ ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ច្រកតំបន់ ៤០០ ស្ថិតក្នុងស្រុកសំឡូត ច្រកតំបន់អូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង និងច្រកតំបន់អូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលច្រកទាំង ៥ នេះ ត្រូវបានភាគីថៃប្រកាសបិទជាឯកតោភាគី ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច។

ដោយឡែកនៅព្រឹកថ្ងៃទី៨មិថុនាឆ្នាំ២០២៥នេះដែរ ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចេញបទបញ្ជាទៅកម្លាំងដែលឈរជើង តាមបណ្ដាច្រកទាំង ៥ ក្នុងទឹកដីខេត្តបាត់ដំបង ជាប់ព្រំដែនថៃ ត្រូវធ្វើការបើកច្រកព្រមៗគ្នាចាប់ពីម៉ោង ៩ ព្រឹកនិងបិទវិញនៅម៉ោង ៤ ល្ងាច ។ ដូច្នេះនៅតាមបណ្ដាច្រកនីមួយៗនាព្រឹកថ្ងៃទី ៨ នេះគេសង្កេតឃើញថាមានសភាពស្ងប់ស្ងាត់មិនមានកាចរាចរទំនិញឬការឆ្លងកាត់របស់ប្រជាពលរដ្ឋទាំងាង្ខាងទាំងភាគីកម្ពុជានិងខាងភាគីថៃ ៕



ដោយ៖សុផល





