សម្តេចតេជោ ហ៊ុន សែន ៖ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ —
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នា រវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា និងថៃ ដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។

សម្តេចបានបន្តថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកម្រិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខ ទើបមានលទ្ធផលដូចពេលនេះ។
សម្តេចតេជោបានអំពាវនាវឲ្យបងប្អូនជនរួមជាតិ ជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាវិធីតែមួយគត់ដើម្បីបញ្ចៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕
ដោយ នីកា





