សិក្ខាសាលាស្ដីពីនិតិវិធីសវនកម្មសមិទ្ធកម្ម និតិវិធីសវនកម្មបច្ចេកវិទ្យាព័ត៌មាន និងអង្គភាពអាណាប័កផ្ទេរសិទ្ធពេញលេញ
AKP ស្ទឹងត្រែង ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥– ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាង ឧត្តមសេនីយ៍ គឹម សុណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ពង្ស ខេមរា នាយករង នាយកដ្ឋានហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីនិតិវិធីសវនកម្មសមិទ្ធកម្ម និតិវិធីសវនកម្មបច្ចេកវិទ្យាព័ត៌មាន និងអង្គភាពអាណាប័កផ្ទេរសិទ្ធពេញលេញ ដែលបានរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង ក្នុងគោលបំណងពង្រឹង និងពង្រីកប្រសិទ្ធភាព នៃការអនុវត្តការងារស្ដីពីនិតិវិធីសវនកម្មសមិទ្ធកម្ម និតិវិធីសវនកម្មបច្ចេកវិទ្យាព័ត៌មាន និងអង្គភាពអាណាប័កផ្ទេរសិទ្ធពេញលេញ និងមិនពេញលេញជូនដល់នាយទាហានជំនាញតាមបណ្ដាកងឯកភាពនានាចំណុះកងយោធពលខេមរភូមិន្ទ។

បន្ទាប់ពីមតិស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី កែវ រស់ នាយករង នាយកដ្ឋានហិរញ្ញវត្ថុរួចមក ឧត្តមសេនីយ៍ទោ ពង្ស ខេមរា បានថ្លែងថា នេះគឺជាការជួបជុំគ្នាដ៏មានសារៈសំខាន់ រៀបចំក្នុងគោលបំណងពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអនុវត្តការងារស្ដីពីនិតិវិធីសវនកម្មសមិទ្ធកម្ម និតិវិធីសវនកម្មបច្ចេកវិទ្យាព័ត៌មាន និងអង្គភាពអាណាប័កផ្ទេរសិទ្ធពេញលេញ និងមិនពេញលេញ សំដៅផ្ដល់ឱកាសដើម្បីសិក្សាឈ្វេងយល់ ដកបទពិសោធន៍ និងឧត្តមានុវត្ត និងការអនុវត្តជាក់ស្ដែង។ ឧត្តមសេនីយ៍ទោ ពង្ស ខេមរា បានជម្រាបជូនអង្គសិក្ខាសាលាថា យើងមានគោលការណ៍ណែនាំស្តីពីការអនុវត្តសវនកម្មសមិទ្ធកម្ម ហើយដើម្បីធានាបានជោគជ័យ គឺត្រូវបង្កើតក្របខណ្ឌសម្រាប់គ្រប់គ្រងការងារឱ្យមានលក្ខណៈជាប្រព័ន្ធ និងមានតុល្យភាពដែលដំណើរការសវនកម្មសមិទ្ធកម្មអាចចែកជា៥ជំហាន។


ដោយឡែកចំពោះនិតិវិធីសវនកម្មបច្ចេកវិទ្យាព័ត៌មាន យើងក៏មានគោលការណ៍ណែនាំស្តីពីសវនកម្ម
បច្ចេកវិទ្យាព័ត៌មាននេះផងដែរ ក្នុងគោលបំណងធ្វើការត្រួតពិនិត្យ និងវាយតម្លៃជាផ្លូវការលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធព័ត៌មាន គោលនយោបាយ និងប្រតិបត្តិការរបស់ស្ថាប័នដើម្បីកំណត់ការអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ស្ថាប័ន ទិន្នន័យ និងព័ត៌មានមានកម្រិតសមស្របលើការរក្សាការសម្ងាត់ បូរណភាព និងភាពអាចប្រើប្រាស់បានសម្រេចតាមគោលដៅរបស់អង្គភាពប្រកប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយតម្លៃបន្ថែមពីសវនកម្មបច្ចេកវិទ្យាព័ត៌មាន រួមមាន កាត់បន្ថយ ហានិភ័យទៅលើបច្ចេកវីទ្យាព័ត៌មាន ពង្រឹងការគ្រប់គ្រង និងពង្រឹងសន្តិសុខ គោរពតាមគោលនយោបាយ /នីតិវិធី /គោលការណ៍ណែនាំ និងកែលម្អអភិបាលកិច្ច និងការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន។

ចំពោះអង្គភាពអាណាប័ក ឬអង្គភាពថវិកា គឺមានការអនុញ្ញាតឱ្យមានការបែងចែកមុខងារ និងការទទួល ខុសត្រូវកាន់តែច្បាស់លាស់ជាងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកា ដោយអនុញ្ញាតឱ្យមាន ការរៀបចំ និងវិភាជថវិកាកាន់តែប្រសិទ្ធភាព ជាពិសេសការផ្សារភ្ជាប់ថវិកាទៅនឹងលទ្ធផលកាន់តែ ប្រសើរជាងមុន ព្រមទាំងជំរុញឱ្យមានប្រព័ន្ធត្រួតពិនិត្យការអនុវត្តថវិកា លទ្ធផលសកម្មភាពការងារ និង សមិទ្ធកម្មបានកាន់តែប្រសើរជាងមុន៕
ដោយ៖ ចាន់ សុភឿន





