ឯកឧត្តម បណ្ឌិត យង់ ពៅ៖ ការប្តូរម៉ោង និងបិទច្រកព្រំដែនរបស់ថៃ ជាឥរិយាបថរបស់ប្រទេសមិនគួរឱ្យទុកចិត្ត ខណៈកម្ពុជាប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និង រក្សាភាពនឹងនរ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៥–ឯកឧត្តម បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានលើកឡើងថា តាមរយៈការប្តូរម៉ោង និងបិទច្រកព្រំដែន ជាមួយកម្ពុជាឯកតោភាគី ជាឥរិយាបថ «ប្រមាថច្បាប់អន្តរជាតិ»។
ជាមួយការលើកឡើងបែបនេះឯកឧត្តម បណ្ឌិត យង់ ពៅ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះក៏បានបង្ហាញពីយុទ្ធសាស្រ្តថៃប្រើសម្រាប់ប្រឆាំងជាមួយកម្ពុជាចំនួន៣ដូចជា៖ទី១៖ ដាក់សម្ពាធនយោបាយមកលើប្រទេសកម្ពុជា ដែលថៃទាមទារឱ្យដកកងទ័ពពីតំបន់មុំបី តែកម្ពុជាមិនអាចធ្វើបានតាមការស្នើសុំរបស់ថៃ។ទី២ ៖ថៃចង់ដាក់សម្ពាធមកលើកម្ពុជា ដើម្បីយកទម្ងន់ចរចានៅថ្ងៃប្រជុំ នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៥ខាងមុខ ។ទី ៣ គឺថៃចង់ដាក់សម្ពាធមកលើកម្ពុជា ផ្នែកសេដ្ឋកិច្ច សង្គម ដើម្បីបង្ហាញចេតនាចង់ចរចាទ្វេភាគី ដោយថៃមិនចង់នាំយកបញ្ហានេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះបានឱ្យដឹងបន្ថែមថា”ខ្ញុំគូសបញ្ជាក់ថាឥរិយាបថរបស់ថៃនេះ គឺជាការបំពានកិច្ចព្រមព្រៀងជាមួយកម្ពុជា នៅឆ្នាំ២០០០ បំពានច្បាប់អន្តរជាតិ និង ជាប្រទេសមិនគួរឱ្យទុកចិត្តបាននូវទំនាក់ទំនងជាអន្តរជាតិ។កម្ពុជាយើង ប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាភាពនឹងនរ”។
គួរបញ្ជាក់ថាសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបញ្ជាក់កាលពីរាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៥ដែរថា”មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍”។

សម្តេចបានមានប្រសាសន៍ថា”ថ្ងៃនេះកងទ័ពថៃបានបិទច្រក ប៉ោយ ប៉ែត ជាឯកតោភាគី មុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។
ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ”។
តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង១,១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង៥,២ពាន់លានដុល្លារគឺថៃនាំចូលមក
កម្ពុជាច្រើនជាង ៤,១ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង២00លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង១,៥ពាន់លានដុល្លារ។
ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។
សម្តេចមានប្រសាសន៍ថា”សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ”៕
ដោយ៖ មករា





