សម្តេចតេជោ ហ៊ុន សែន៖ សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេង រហូតដល់ការស្អប់ខ្ពើមជាតិសាសន៍
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជា កុំពង្រីកទំនាស់ព្រំដែនជាមួយថៃ ឲ្យរីករាលដាលដល់វិស័យផ្សេង រហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។
នៅក្នុងសារលើបណ្តាញសង្គមផ្លូវការ នាយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោបានមានប្រសាសន៍ថា ៖ «មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេង រហូតដល់ការស្អប់ខ្ពើមជាតិសាសន៍»។
សម្តេចប្រធានព្រឹទ្ធសភាបានបន្តថា ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។
សម្តេចតេជោបានបន្ថែមថា៖ «ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជា មិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្ស ច្បាស់ជាបិទទាំងទំនិញ»។
តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង ១,១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង ៥,២ពាន់លានដុល្លារ គឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤,១ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញទៅថៃជាង ២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង ១,៥ពាន់លានដុល្លារ។
សម្តេចតេជោបានបញ្ជាក់ថា ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។
សម្តេចប្រធានព្រឹទ្ធសភាក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ឲ្យរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ មិនទុកឲ្យបរទេសប្រមាថ»៕


ដោយ នីកា





