កងពលតូចថ្មើរជើងលេខ៤២បន្តពង្រឹងការល្បាតសហការតាមបណ្តោយព្រំដែន ដើម្បីរក្សាសន្តិសុខ និងទប់ស្កាត់បទល្មើស
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥-- កងពលតូចថ្មើរជើងលេខ៤២នៃយោធភូមិភាគទី៤ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បានបន្តពង្រឹងការល្បាតសហការ និងត្រួតពិនិត្យយ៉ាងសកម្មក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច។ គោលបំណងចម្បងនៃការល្បាតនេះ គឺដើម្បីតាមដាន និងក្តាប់ជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាទប់ស្កាត់បទល្មើសខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាបាននូវសុខសុវត្ថិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។
លោកឧត្ដមសេនីយ៍ត្រី នាក់ វង្ស បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការសហការឱ្យបានស្អិតរមួតជាមួយអង្គភាពមិត្ត នគរបាលការពារព្រំដែនគោកលេខ៧០២ ក្នុងការចេញល្បាត និងត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗដែលបានកំណត់។


លោកឧត្ដមសេនីយ៍ត្រី នាក់ វង្ស បានបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់កងពលតូចថ្មើរជើងលេខ៤២ ក្នុងការការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងបានមានប្រសាសន៍ថា "យើងខ្ញុំនៅតែបន្តដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការឱ្យបាបានស្អិតរមួតជាមួយអង្គភាពមិត្តនគបាលការពារព្រុំដែនគោកលេខ៧០២ ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់ឱ្យបាបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ។"


ដោយយកចិត្តទុកដាក់ចំពោះសុខភាពយោធិនបន្ថែមពីលើភារកិច្ចការពារព្រំដែន លោកមេបញ្ជាការក៏បានផ្ដាំផ្ញើទៅដល់យោធិនទាំងអស់ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ការពារពីជំងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀន។ ការណែនាំនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាពរបស់កងទ័ព ដែលជាកម្លាំងគន្លឹះក្នុងការបំពេញភារកិច្ចការពារជាតិ។
សកម្មភាពបន្តពង្រឹងការល្បាត និងសហការនេះ គឺជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់កងយោធពលខេមរភូមិន្ទ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋពីការគំរាមកំហែងនានា ជាពិសេសនៅតាមតំបន់ព្រំដែនដែលងាយរងគ្រោះនឹងបទល្មើសឆ្លងដែន៕
ដោយ ឈុន សារ៉ាត





