សិក្ខាសាលាស្ដីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅតាមគ្រឹះស្ថានសិក្សា
AKP កំពង់ធំ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥-- មន្ត្រីការិយាល័យសុខភាពសិក្សារបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានសហការជាមួយមន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល (WDF) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ បានបន្តសកម្មភាពបើកសិក្ខាសាលាស្ដីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថានបឋមសិក្សាគោលដៅចំនួន០៤សាលាក្នុងស្រុកតាំងគោក សន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកមេឃុំ មេភូមិ ប្រធានមណ្ឌលសុខភាពឃុំ គ.ក.ន.កឃុំ អាជីវករលក់ដូរក្នុង និងក្រៅរបងសាលា តំណាងមាតាបិតាសិស្ស តំណាងសិស្សានុសិស្ស សរុបប្រមាណ៨០នាក់។

ក្នុងពិធីបើកសិក្ខាសាលានៅសាលាបឋមសិក្សាមាសគង់ ស្រុកតាំងគោក ខេត្តកំពង់ធំ លោកប៊ី រីដែន មន្ត្រីសម្របសម្រួលរបស់អង្គការហេឡែនខែលល័រអន្តរជាតិ បានលើកឡើងថា អង្គការហេឡែនខែលល័រអន្តរជាតិ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល (WDF) បានចាប់ដៃគូជាមួយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថានបឋមសិក្សាចំនួន១៥០ នៅខេត្តគោលដៅចំនួន០៤គឺកំពង់ធំ កំពង់ស្ពឺ កំពត និងខេត្តតាកែវ។ សម្រាប់ខេត្តកំពង់ធំបានអនុវត្តនៅ០៣ស្រុកគោលដៅ លើ៤០សាលាបឋមសិក្សាក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែម ពីផលប៉ះពាល់និងវិធានការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាព និងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាព ដែលសម្រេចជាផ្លូវការឱ្យលក់និងអនុញ្ញាតឱ្យសិស្សទទួលទានក្នុងសាលារៀន។
លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា បានមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំជូនចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធវិស័យអប់រំ និងបានថ្លែងអំណរគុណដល់មូលនិធិទឹកនោមផ្អែមសកល (WDF) តាមរយៈអង្គការហេឡែន ខេលល័រ អន្តរជាតិ ប្រចាំខេត្តកំពង់ធំ ដែលបានរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដែលជាការចូលរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការផលិតនូវធនធានមនុស្សដែលរឹងមាំមានសុខភាពល្អក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាកសាងមូលធនមនុស្ស ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។


លោក សៀ ហុកហេង បានបន្តទៀតថានាពេលបច្ចុប្បន្នជំងឺមិនឆ្លងបានកើនឡើង និងឆក់យកអាយុជីវិតប្រជាជនកម្ពុជាគួរឱ្យព្រួយបារម្ភ ពិសេសជំងឺមហារីកបានសម្លាប់ជីវិតប្រជាជនកម្ពុជា០១នាក់ក្នុងរយៈពេល៤០នាទី នេះបើតាមរបាយការណ៍របស់ក្រសួងសុខភិបាល។ ឆ្លើយតបនឹងបញ្ហានេះ ក្រៅពីកិច្ចសហការជាមួយអង្គការដៃគូ ការិយាល័យសុខភាពសិក្សាបាន ជំរុញដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ធ្វើយុទ្ធនាការសុវត្ថិភាពចំណីអាហារនិងត្រូវត្រួតពិនិត្យជាប្រចាំលើការលក់ដូរចំណីអាហារក្នុង និងក្រៅសាលារៀន។ហាមដាច់ខាតការនាំចូល និងលក់អាហារនិងភេសជ្ជៈប៉ះពាល់សុខភាពសិស្ស ការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទីកក្នុងសាលារៀន ព្រមទាំងទម្លាប់ឱ្យសិស្ស និងគ្រូបង្រៀនធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។
លោកបានសង្កត់ធ្ងន់ថា ការអប់រំដែលយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំគឺជាការអប់រំដែលសម្រេចបានគោលដៅប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពព្រោះនៅពេលកុមារ យុវជន និងបុគ្គលិកអប់រំ មានសុខភាពល្អ ពួកគាត់នឹងបានចូលរួមយ៉ាងសកម្ម និងពេញលេញ ក្នុងការបណ្ដុះបណ្ដាលអប់រំ ធនធានមនុស្សរឹងមាំ និងយូរអង្វែង។


ទន្ទឹមនឹងនេះលោកបានសំណូមពរដល់បងប្អូនអាជីវករលក់ដូរនៅក្នុង និងក្រៅរបងសាលារៀនត្រូវលក់អាហារដែលល្អសម្រាប់សុខភាពកុមារ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយត្រឡប់ទៅប្រើប្រាស់ស្លឹកចេក ឬស្លឹកឈូកជំនួសវិញ។ ចំពោះលោកនាយកសាលា លោកគ្រូ អ្នកគ្រូត្រូវបន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ការទទួលអាហារមិនល្អសម្រាប់សុខភាព ផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងអប់រំចរិយាធម៌ សីលធម៌ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ និងជាប្រចាំផងដែរ។
សូមបញ្ជាក់ថានៅក្នុងសិក្ខាសាលាស្ដីពី ការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថាន នេះក៏មានការដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ និងហាត់ប្រាណតាមចង្វាក់ភ្លេង ពីគ្រូជំនាញផ្នែកអប់រំកាយ និងកីឡាផងដែរ៕
ដោយ ស៊ុម វណ្ណា





