ក្រសួងវប្បធម៌រៀបចំការផ្សព្វផ្សាយអំពីការបំពេញទម្រង់ស្រង់មរតកវប្បធម៌អរូបីនៅកម្ពុជាលើកទី២
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥-- អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំការផ្សព្វផ្សាយអំពី “ការបំពេញទម្រង់ស្រង់មរតកវប្បធម៌អរូបីនៅកម្ពុជា” ជាលើកទី២ ជូនមន្រ្តីជំនាញនាយកដ្ឋានពាក់ព័ន្ធ ដោយផ្ទាល់ និងមន្រ្តីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ទាំង២៥រាជធានី-ខេត្ត តាមរយៈហ្សូម (zoom meeting)។
ការផ្សព្វផ្សាយអំពី ការបំពេញទម្រង់ស្រង់មរតកវប្បធម៌អរូបីនៅកម្ពុជាលើកទី២ នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យរាជធានី ខេត្តទាំង២៥ មានទម្រង់បញ្ជីរួមមួយសម្រាប់រាជធានី-ខេត្ត និងដើម្បីឱ្យមន្ទីររាជធានី-ខេត្តមានបញ្ជីមរតកវប្បធម៌អរូបីប្រចាំរាជធានី-ខេត្តរៀងៗខ្លួន។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយនេះ ធ្វើឡើងជាកិច្ចការបន្តក្រោយពីសិក្ខាសាលាបណ្តុះបណ្តាលបឋមនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ និងដើម្បីជាមូលដ្ឋានរៀបចំការស្រង់ព័ត៌មានមរតកវប្បធម៌អរូបី តាមប្រព័ន្ធបច្ចេកវិទ្យា (Data system)៕




ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





