តំណាងគ្រឹះស្ថានឧត្តមសិក្សា និងអ្នកជំនាញផ្នែកស្រាវជ្រាវអន្តរជាតិ ផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងវេទិកា “អភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវនៅអាស៊ី លើកទី២” នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥—
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការវេទិកា “អភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវនៅអាស៊ី Gouvernance et Structuration de la Recherche en Asie” លើកទី២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។
សាកលវិទ្យាធិការ ថ្នាក់ដឹកនាំ តំណាងគ្រឹះស្ថានឧត្តមសិក្សាជាសមាជិកនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) មកពីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកស្រាវជ្រាវអន្តរជាតិ សាស្ត្រាចារ្យ និងនិស្សិតប្រមាណជិត ៣០០នាក់បានចូលរួមដោយផ្ទាល់ និងតាមអនឡាញ។

នាឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព និងភាពរីករាយយ៉ាងក្រៃលែងក្នុងការស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់មកកាន់ប្រទេសកម្ពុជា និងបានថ្លែងអំណរគុណចំពោះទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) និងបណ្ឌិតសភាអន្តរជាតិហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ (AIFS) ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការស្រាវជ្រាវបែបពហុភាសា និងបរិយាបន្ននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បន្ថែមពីនេះ ការជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីដ៏រឹងមាំក្នុងការស្រាវជ្រាវ ក៏ដូចជាការកើនឡើងនៃសារៈសំខាន់របស់ទ្វីបអាស៊ីនៅក្នុងនិន្នាការវិទ្យាសាស្ត្រសកល។
វេទិកានេះបង្កើតឡើងក្នុងបរិបទអន្តរជាតិលើការពិចារណាស្តីអំពីអភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវដឹកនាំដោយបណ្ឌិតសភាអន្តរជាតិហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ(AIFS) បង្កើតឡើងដោយ AUF ក្នុងគោលបំណងជ្រោមជ្រែងដល់សាកលវិទ្យាល័យនានាក្នុងការកសាងរចនាសម្ព័ន្ធពាក់ព័ន្ធនឹងនយោបាយស្រាវជ្រាវ ផ្សារភ្ជាប់នឹងអាទិភាពក្នុងតំបន់។

នាឆ្នាំ២០២៤កន្លងទៅ AIFS បានរៀបចំវេទិកាថ្នាក់តំបន់នៅវិទ្យាស្ថានពហុបច្ចេកទេសទីក្រុងហាណូយ ប្រទេសវៀតណាម ។ ដោយឡែកឆ្នាំ២០២៥នេះ ការរៀបចំវេទិកា “អភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវនៅអាស៊ីលើកទី២” មានតំណាងគ្រឹះស្ថានឧត្តមសិក្សាជាច្រើនមកពីប្រទេសកម្ពុជា ចិន វៀតណាម កូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ និងអ្នកជំនាញផ្នែកស្រាវជ្រាវអន្តរជាតិជាច្រើនរូបមកពីប្រទេសបារាំង និងផ្តោតលើប្រធានបទចំនួនពីរ ៖ ១-ការវាយតម្លៃការស្រាវជ្រាវផ្តោតលើការទទួលស្គាល់ជាលក្ខណៈពហុស្ថាប័ននៃផលិតផលវិទ្យាសាស្ត្រ ។ ២- អន្តរជាតិភាវូបនីយកម្ម រួមមានការកសាងយុទ្ធសាស្ត្រជាដៃគូ សម្រួលដល់ពហុភាសាវិទ្យាសាស្ត្រ។
សូមបញ្ជាក់ផងដែរថា វេទិកានេះគឺជាលំហនៃការពិចារណា និងកសាងរួមគ្នា ការផ្លាស់ប្តូរ និងផ្តល់ជាអនុសាសន៍ទាំងឡាយ ដើម្បីស្នើឡើងជាយុទ្ធសាស្រ្តអន្តរជាតិរបស់ AUF និងចែករំលែក នាឱកាសសាកលវិទ្យាល័យរដូវក្តៅហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឺត្តិទៅក្នុងឆ្នាំនេះ នាទីក្រុងបៃរូ ប្រទេសលីបង់។

ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ដែលបង្កើតឡើង៦០ឆ្នាំមកហើយ បច្ចុប្បន្នជាបណ្តាញសាកលវិទ្យាល័យទី១លើពិភពលោក ជាមួយសមាជិកជាង១ ០០០គ្រឹះស្ថាន រួមមានសាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលធំៗ និងមជ្ឈមណ្ឌលស្រាវជ្រាវ ដែលមានវត្តមាននៅក្នុងប្រទេសចំនួន១១៥។
ជាស្ថាប័នតំណាងឱ្យទេពកោសល្យហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ ដែលមានវត្តមាននៅទូទាំងពីភពលោក AUF គឺជាអង្កការអន្តរជាតិមិនរកប្រាក់ចំណេញ ក៏ជានិមិត្តរូបមួយដែលមានទស្សនវិស័យដើម្បីការអភិវឌ្ឍដ៏ប្រសើរនៃប្រព័ន្ធអប់រំ និងសាកលវិទ្យាល័យ ៖ «គិតគូរជាសាកលអំពីហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ និងប្រតិកម្មជាលក្ខណៈតំបន់ដោយគោរពនូវភាពសំបូរបែប»៕
ដោយ ផែន រតនៈ





