អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ មកទល់ថ្ងៃនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានពីភាគីថៃ អំពីការបិទច្រកព្រំដែនណាមួយនៅឡើយទេ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា គិតមកដល់រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ។
ការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាននាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ភាគីថៃបានបិទច្រកតំបន់ និងច្រករបៀងមួយចំនួនជាមួយកម្ពុជា នៅខេត្តស្រះកែវ។

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ ដោយបានបន្ថែមថា៖ «ខ្ញុំកំពុងរង់ចាំការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ របស់ប្រទេសថៃ ចំពោះព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់ដោយភាគីថៃ ខាងលើនេះ»៕
ដោយ៖ AKP





