សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការយកបញ្ហាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃទៅ ICJ មិនមែនជាការបញ្ឆេះសង្ត្រាមទេ
AKP ភ្នំពេញ ថ្ងៃទី០៦ មិថុនា ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះថា សម្ដេចបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥នាល្ងាចម្សិលមិញ អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ។

សម្ដេចធិបតី ក៏បានស្នើឱ្យប្រជាពលរដ្ឋកុំពង្រីកជម្លោះកម្ពុជា-ថៃរហូតក្លាយជាការប្រកាន់ពូជសាសន៍ ហើយ ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះដោយឈរលើគោលការណ៍ច្បាប់។ សម្ដេចក៏បានបញ្ជាក់ថា ការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)នេះ បើតុលាការ ICJ កាត់យ៉ាងណានោះ កម្ពុជានឹងទទួលស្គាល់ និងទទួលយក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មិនមែនការយក(បញ្ហាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ)ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)គឺជាការបញ្ឆេះសង្ត្រាមនោះទេ គឺជាការបញ្ចប់ ជៀសផុតពីការប្រយុទ្ធគ្នាដោយមិនចាំបាច់ ព្រោះថា បើប្រយុទ្ធគ្នាមានហើយស្លាប់រស់ទាំងសងខាង»។

សូមរម្លឹកជូនថា កាលពីល្ងាចម្សិលមិញ សម្ដេចធិបតី បានបញ្ជាក់ជូន ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷
១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។
២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី។


៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ។
៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





