ឯកឧត្ដម នេត្រ ភក្រ្ដា ធ្វើបទបង្ហាញជូនដល់គណៈកម្មការទី៥ នៃរដ្ឋសភា ពីសមិទ្ធផលការងាររបស់ក្រសួងព័ត៌មានសម្រេចបានលើការគ្រប់គ្រងដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានដឹកនាំប្រតិភូក្រសួងព័ត៌មានបានធ្វើបទបង្ហាញជម្រាបជូនអំពីវឌ្ឍនភាពការងារសម្រេចបានរបស់ក្រសួងព័ត៌មានរយៈពេល ២២ខែ នៃដំណើរការរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបានជម្រាបជូនពីចក្ខុវិស័យ និងផែនការសកម្មភាពការងារសំខាន់ៗសម្រាប់រយៈពេលខ្លី មធ្យម និងវែងក្នុងក្របខ័ណ្ឌនៃការងារគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការធ្វើបទបង្ហាញរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញចូលរួមប្រជុំទល់មុខជាមួយគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការនានាចំនួន៩ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) នៃរដ្ឋសភា នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ។


ឯកឧត្តម នេត្រ ភក្ត្រា ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងដើម្បីលើកកម្ពស់ប្រសិទ្ធផលស្ថាប័ន ក្រសួងព័ត៌មាន បានកំណត់នូវទិសដៅជាអាទិភាពជាយុទ្ធសាស្ត្រសម្រាប់បន្តជំរុញការដ្ឋានកំណែទម្រង់ ដោយឈរលើគោលការណ៍មូលដ្ឋានគ្រឹះទាំង៥ នៃភាពជាអ្នកដឹកនាំ ប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ មូលធនមនុស្ស ពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការការទូតព័ត៌មាន រួមជាមួយនឹងគុណតម្លៃនៃការប្រតិបត្តិ ដើម្បីធានានូវស្តង់ដារប្រតិបត្តិប្រកបដោយភាពស្មោះត្រង់ ជឿជាក់ ការផ្តល់តម្លៃ និងសីលធម៌ក្នុងការងារ (សុចរិតភាព) ការប្រើប្រាស់ចំណេះដឹង និងគំនិតច្នៃប្រឌិតឱ្យអស់លទ្ធភាពនៅក្នុងការវិភាគ ការចូលរួម និងការធ្វើសេចក្តីសម្រេចចិត្ត (ឧត្តមភាព)។ ទន្ទឹមនេះ លើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីធ្វើការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និងការចែករំលែកបទពិសោធន៍ និងចំណេះដឹង, ការលើកកម្ពស់ ការទទួលខុសត្រូវនៅចំពោះសកម្មភាពនិងការសម្រេចចិត្ត (គណនេយ្យភាព) និងការបើកចំហព័ត៌មានជាសាធារណៈ (តម្លាភាព)។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្រសួងព័ត៌មាន មានមុខងារសំខាន់ពីរ ទី១ គឺដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ននៃកម្ពុជា និងមុខងារទី២ គឺដឹកនាំ និងសម្របសម្រួលកិច្ចការសាធារណៈ។ ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានកែសម្រួលរចនាសម្ព័ន្ធឱ្យបានរៀបរយ ដោយផ្អែកលើរចនាសម្ព័ន្ធដែលមានស្រាប់ តាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដោយបានតម្រង់ទិសការងាររបស់ខ្លួនលើការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការព័ត៌មាន និងសោតទស្សន៍ ការផ្សព្វផ្សាយតាមគ្រប់រូបភាព កិច្ចការរដ្ឋបាលទូទៅ និងការផ្តល់សេវាគាំទ្រលើកកម្ពស់វិស័យព័ត៌មានថ្នាក់ក្រោមជាតិ»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងផងដែរថា ការធានាបាននូវសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដោយបង្ការ ទប់ស្កាត់ និងលុបបំបាត់ដំណឹងក្លែងក្លាយ ព័ត៌មានបំភាន់ និងព័ត៌មានបំភ្លៃបំផ្លើស ព័ត៌មានមិនពិត ដោយផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងលឿនរហ័សជូនដល់ ពលរដ្ឋតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ។

ក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលគណៈកម្មការទី៥ នៃរដ្ឋសភា បានជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ ហើយ ឯកឧត្តមបានថ្លែងការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការរីកចម្រើនលើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាក្នុងរយៈពេល ២ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានកាត់បន្ថយនូវព័ត៌មានអសកម្ម និងព័ត៌មានក្លែងក្លាយបានយ៉ាងច្រើន។ ឯកឧត្តម ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានជំរុញលើកទឹកចិត្ត ដល់ក្រសួងព័ត៌មាន ខិតខំកសាងនូវច្បាប់ បទដ្ឋានថ្មីៗទាក់ទងវិស័យព័ត៌មាន ដើម្បីជាផែនទីបង្ហាញផ្លូវ ធ្វើឱ្យសង្គមកម្ពុជា កាន់តែមានភាពជាក់លាក់នៅក្នងការគ្រប់គ្រងវិស័យព័ត៌មាន ប្រកបដោយសុចរិតភាពនៃព័ត៌មាន គឺការផ្សព្វផ្សាយនូវអ្វីដែលត្រឹមត្រូវ ដោយគ្មានការមួលបង្កាច់បង្ខូចកិត្តិយសអ្នកដទៃ និងប៉ះពាល់ដល់សង្គមជាតិ៕
ដោយ៖ រិទ្ធី, រូបភាព៖ ខឹម សុវណ្ណារ៉ា





