ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបញ្ចប់ជំងឺអេដន៍នៅខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងពង្រឹងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ ២០២៣-២០២៨ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ លោកស្រីអភិបាលរងខេត្ត ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានាជុំវិញខេត្ត សរុបប្រមាណជា២២០នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត និងលើកយោបល់កែលម្អ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ កិច្ចប្រជុំរៀបចំឡើងដើម្បីចូលរួមធ្វើឱ្យសម្រេចគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារគោលនយោបាយជាតិក្នុងការរក្សាភាពជាម្ចាស់ និងការធានាចីរភាព រហូតដល់ឆ្នាំ២០២៧កម្ពុជាយើងនៅមិនទាន់ខ្វះឱសថប្រឆាំងនឹងមេរោគអេដស៍សម្រាប់អ្នកជំងឺនោះទេ ក្នុងនោះ រាជរដ្ឋាភិបាលបានចូលរួមជាថវិកាចំនួន៥លានដុល្លារក្នុង១ឆ្នាំដើម្បីទិញឱសថប្រឆាំងនឹងមេរោគអេដស៍ ព្រមទាំងថវិកា ប្រមាណ១,៨៤លានដុល្លារក្នុង១ឆ្នាំលើការងារគាំពារសង្គម ការឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យ និងនៅថ្នាក់ក្រោមជាតិផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទ្វេដង ដោយផ្តោតការយកចិត្តទុកដាក់លើ៖ ១. បន្តការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ និងការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន នៅតាមសហគមន៍ និងនៅតាមគ្រឹះស្ថានអប់រំ ជាពិសេសក្នុងចំណោមយុវវ័យ។ ២. បន្តផ្តល់សេវាគាំទ្រសង្គមជួយជនរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ ៣. បន្តធ្វើជាគំរូនៅក្នុងសង្គមជាតិលើកកម្ពស់ការមិនរើសអើង និងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់លេបឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់ ដើម្បីពិភាក្សាតាមដានសុខភាពឱ្យបានច្បាស់លាស់ ព្រោះភស្តុតាងវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា៖ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលលេបថ្នាំបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នឹងសម្រេចបាន (ម ស្មើ ម) នោះគឺ មានន័យថា៖ អ្នកមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ! អ្នកអាចមានគ្រួសារ មានកូនដូចមនុស្សធម្មតា! អ្នកមានសុខភាពល្អ អាចប្រឆាំងបានទៅនឹងជំងឺផ្សេងៗ! អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង និងកាត់បន្ថយការរើសអើងលើខ្លួនឯង៕

ដោយ លឹម សាន្ត





