ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ គូសបញ្ជាក់ថា មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព ដែលបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ បានគូសបញ្ជាក់ថា អាស្រ័យដោយមានបងប្អូនជាច្រើនបានសម្តែងក្តីបារម្ភចំពោះមន្ត្រី បុគ្គលិក និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្ទាប់ពីទទួលបានដំណឹងអំពីការប្រមូលផ្តុំធ្វើបាតុកម្មរបស់បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ នៅមុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ។ ឯកឧត្ដមបានថ្លែងថា មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី ហើយស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។

ឯកឧត្ដមឯកអគ្គរាជទូតបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំបាទ តាងនាមមន្ត្រីបុគ្គលិកស្ថានទូតទាំងអស់ សូមជម្រាបជូនបងប្អូនមេត្តាជ្រាបថា៖ កាលពីវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ” បានប្រមូលផ្តុំគ្នាចំនួនប្រមាណ ២០០ នាក់ នៅទីតាំងដងផ្លូវម្ខាងទៀត ទល់មុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្ម ថ្លែងញត្តិ ទាមទារឱ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ។»
បើតាមឯកឧត្ដម ឯកអគ្គរាជទូត ការប្រមូលផ្តុំបានប្រព្រឹត្តទៅដោយធម្មតា មានសណ្តាប់ធ្នាប់ និងរំសាយទៅវិញនៅវេលាម៉ោង ១១: ១៥ នាទីព្រឹក ថ្ងៃដដែល ហើយសមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ ឯកឧត្តម ហ៊ុន សារឿន ក៏បានឱ្យដឹងទៀតថា មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី ហើយស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា៕
ដោយ៖ AKP





