សាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី បង្ហាញពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យខេមតិចជូនរដ្ឋមន្ត្រីក្រសួងអប់រំ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥-- សាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ដែលហៅកាត់ថា ខេមតិច កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យ ការផ្តល់ព័ត៌មានអំពីអាហារូបករណ៍ទេពកោសល្យស្ទែម រួមទាំងការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ ដោយក្នុងឱកាសនេះ លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

សាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី ថ្លែងថា បច្ចុប្បន្នសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា កំពុងដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រផ្តោតលើមុខជំនាញពាក់ព័ន្ធនឹងស្ទែម ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងចីរភាព ដើម្បីឆ្លើយតបនឹងតម្រូវការនៃវិស័យឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ។ លោកថា កម្មវិធីផ្តល់អាហារូបករណ៍របស់សាកលវិទ្យាល័យ ខេមតិច មានគោលដៅដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជាជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល សំដៅលើកកម្ពស់ទេពកោសល្យស្ទែមក្នុងឆ្នាំសិក្សា២០២៤-២០២៥ខាងមុខនេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ថា ខេមតិច ដែលបានរៀបចំកម្មវិធីសិក្សាសម្បូរបែបដោយផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនសហគ្រាសនានាស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ជាពិសេសការរៀបចំឱ្យមានមុខជំនាញពាក់ព័ន្ធនឹងស្ទែម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





