រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា បដិសេធការស្នើសុំរបស់ភាគីថៃ ឱ្យសម្រួលកងទ័ពត្រឡប់ទៅសភាពដើមមុនឆេះសាលារួមចិត្ត ខណៈកម្ពុជាមិនអាចថយពីទីតាំងឈរជើងបាននោះឡើយ ព្រោះស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា ភាគីថៃបានស្នើសុំឱ្យសម្រួលកងទ័ព ត្រឡប់ទៅសភាពដើមមុនឆេះសាលារួមចិត្ត ឬសភាពដើមដូចកាលឆ្នាំ២០២៤ ប៉ុន្ដែភាគីកម្ពុជាបដិសេធ និងមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រយ៍តាំងពីដើមរៀងមក ហើយភាគីកម្ពុជា មិនអាចថយពីទីតាំងឈរជើងបាននោះឡើយ។ ការថ្លែងបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបែបនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅ នៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ កម្ពុជា និងថៃ បានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា រវាងកម្ពុជា-ថៃ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។»

ជាមួយគ្នានេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានជម្រាបជូនភាគីថៃថា កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតម្កល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ ទន្ទឹមនេះ ភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀតនាថ្ងៃខាងមុខ។

ក្នុងឱកាសនោះ ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននិងធ្វើឱ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំ JBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ៕

ដោយ៖ រិទ្ធី





