កងពលតូចថ្មើរជើងលេខ៥១ ប្រកាសគាំទ្រពេញទំហឹងចំពោះគោលការណ៍ព្រំដែនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥--
កងពលតូចថ្មើរជើងលេខ៥១ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងឥតងាករេចំពោះគោលគំនិតដ៏ខ្ពង់ខ្ពស់ប្រកបដោយបញ្ញាញាណស្នេហាជាតិដ៏មោះមុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការគាំទ្រនេះក៏រួមបញ្ចូលទាំងការអនុម័ត និងគាំទ្រលើសេចក្តីថ្លែងការណ៍ក្នុងអង្គសមាជព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីរំលត់បញ្ហាព្រំដែន សំដៅធានាបាននូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីពេញលេញរបស់កម្ពុជា ព្រមទាំងកសាងព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ក្នុងពិធីនេះ លោក ឧត្តមសេនីយ៍ សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានលើកឡើងយ៉ាងច្បាស់ៗថា «ក្នុងនាមកងកម្លាំងប្រដាប់អាវុធឈរជើងនៅតំបន់ព្រំដែន យើងខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែង ដែលបានឃើញការប្តេជ្ញាចិត្តដ៏មុះមុតរបស់សម្ដេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែន។ គោលការណ៍ទាំងនេះគឺពិតជាឆ្លុះបញ្ចាំងពីឆន្ទៈដ៏បរិសុទ្ធក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់កម្ពុជា ហើយក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងព្រំដែនមួយដែលពោរពេញទៅដោយសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។»
លោកឧត្តមសេនីយ៍បានបន្តទៀតថា៖ «ការអនុម័តសេចក្តីថ្លែងការណ៍រួមរបស់ព្រឹទ្ធសភា និងរដ្ឋសភា គឺជាសក្ខីភាពបញ្ជាក់ពីឯកភាពជាតិដ៏រឹងមាំ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ។ យើងខ្ញុំជាកងកម្លាំងជួរមុខ សូមស្បថប្តេជ្ញាថានឹងអនុវត្តន៍តាមរាល់បទបញ្ជា និងគោលការណ៍ដែលបានដាក់ចេញ ដោយមិនងាករេ ដើម្បីធានាបាននូវសុវត្ថិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន ដែលជាភារកិច្ចចម្បងរបស់កងទ័ព។»
ការប្រកាសគាំទ្រនេះត្រូវបានគេមើលឃើញថាជាការបង្ហាញនូវឯកភាព និងភក្តីភាពយ៉ាងពេញលេញពីសំណាក់កងកម្លាំងប្រដាប់អាវុធ ចំពោះគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសក្នុងកិច្ចការងារដ៏រសើប និងសំខាន់បំផុតសម្រាប់ជាតិ គឺបញ្ហាព្រំដែន។ កងពលតូចថ្មើរជើងលេខ៥១ ដែលមានភារកិច្ចការពារព្រំដែន នឹងបន្តខិតខំប្រឹងប្រែងរួមចំណែកក្នុងការកសាង និងថែរក្សាព្រំដែនឱ្យក្លាយជាតំបន់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍពិតប្រាកដ៕

ដោយ ឈុន សារ៉ាត





